(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តស្វាយរៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបំពេញតួនាទីជាគណបក្សដឹកនាំប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការនយោបាយ សេដ្ឋកិច្ច សង្គមជាតិប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។

ការថ្លែងរបស់លោកស្រី ម៉ែន សំអន យ៉ាងដូច្នេះនៅក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការ កណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៧ លើកទី៤ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី៧ លើកទី៥ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលសមាជកសមាជិការគណបក្ស ចូលរួមប្រមាណ៧៦៤នាក់។

លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើ នូវការសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោកស្រីក៏សូមអបអរសាទរ និងកោតសរសើរ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលក្រុមការងាររួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ បានបំពេញទទួលបានជាបន្ដបន្ទាប់ ពិសេសការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តដោយជោគជ័យនូវការអភិវឌ្ឍ លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្ត រហូតដល់ស្រុកឃុំ-សង្កាត់ និងភូមិទូទាំងខេត្ត។ កិច្ចការដ៏ប្រពៃនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឲ្យកាន់តែល្អប្រសើរ និងបង្កើនបាននូវជំនឿជឿកាន់តែរឹងមាំថែមទៀត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានបញ្ជាក់ថា «សភាពការណ៍កម្ពុជាឆ្នាំ២០២០ នៅតែផ្ដល់ភាពអនុគ្រោះ ដល់គណបក្សក្នុងការបន្ដអនុវត្តន៍កម្មវិធីនយោបាយ ដើម្បីកសាង និងការពារមាតុភូមិ ឲ្យបានសម្រេចសមិទ្ធផលធំៗថ្មីៗថែមទៀតជូនជាតិ ទោះបីជាយើងនៅមានបញ្ហាប្រឈមមួយចំនួនក្ដី។ លើសពីនេះទៀត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យើងខ្លះមានសុទិដ្ឋិនិយមជ្រុល ភ្លេចខ្លួន ធ្វេសប្រហែស ហើយប្រព្រឹត្តកំហុសផ្សេងៗ ដូចជាប្រើប្រាស់អំណាចបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាជនជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែនជាប្រមុខ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវលុបបំបាត់អំពើដែលខុសឆ្គង និងភាពអសកម្មចំពោះបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន រួមគ្នាដោះស្រាយឲ្យបានល្អប្រសើរ។

លោកស្រីបានបន្តថា ចាប់ពីពេលនេះ រហូតទៅដល់ការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣ គណបក្សប្រជាជនកម្ពុជាបាន និងកំពុងប្រមូលផ្តុំលើការងារសំខាន់ៗ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ អនុវត្តន៍កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពនៃសេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែលលោកស្រី ម៉ែន សំអន បានធ្វើការណែនាំដល់សមាជិកសមាជិការគណបក្ស ត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពចំនួន៩ចំណុច៖

ទី១៖ ត្រូវពង្រឹងការងារ អប់រំ សតិអារម្មណ៍ នៅសាខាគណបក្សគ្រប់ថ្នាក់នីមួយៗ។
ទី២៖ ត្រូវបន្ដលើកកម្ពស់សុវត្ថិភាព សណ្តាប់ធ្នាប់ សន្ដិសុខសង្គម និងការពារសន្តិភាពតាមរយៈការអនុវត្តវិធានការណ៍ច្បាប់ដ៏ម៉ឺងម៉ាត់។
ទី៣៖ បន្ដរួមគ្នាជំរុញការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្របតាមបាវចនា «កែ ទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ទី៤៖ ជម្រុញការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ក្នុងគ្រប់ស្រទាប់ប្រជាជនឲ្យបានយល់ច្បាស់ អំពីសភាពការណ៍រីកចម្រើន និងសមិទ្ធផលធំៗរបស់ប្រទេសជាតិ។
ទី៥៖ លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ច របស់គណបក្សដោយប្រកាន់ខ្ជាប់គោលការណ៍ «សមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ» ។
ទី៦៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងកសាងពង្រីកសមាជិកគណបក្សតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ជាពិសេសក្នុងមជ្ឈដ្ឋាននិស្សិត កម្មករ និងយុវជន និងប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ទី៧៖ ត្រូវចុះពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ពិសេសការបំប៉នសមត្ថភាព ស្មារតីទទួលខុសត្រូវរបៀបរបបការងារ តួនាទី ភារកិច្ចរបស់គណៈទាំង៤ របស់បក្សក្រុង-ស្រុក-ឃុំ-សង្កាត់ ទូទាំងខេត្ត ដើម្បីបំពេញភារកិច្ចឲ្យបានល្អ។
ទី៨៖ ជម្រុញសមាជិកគណបក្សទៅចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ ឲ្យបានគ្រប់ៗគ្នា។
ទី៩៖ ត្រូវពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឃុំ-សង្កាត់ តាមរយៈការពង្រឹងសមត្ថិភាពជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឃុំ សង្កាត់ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕