(ព្រះវិហារ)៖ វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មានមន្ត្រីយោធាម្នាក់ ដែលបម្រើការងារនៅវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ បានស្លាប់ដោយសារជាន់មីន ក្នុងពេលបំពេញបេសកកម្ម ដើរល្បាតតាមព្រំដែន។

ហេតុការណ៍គួរឲ្យអាណោចអាធ័មនេះ បានកើតឡើងនៅពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត។

លោកវរសេនីយ៍ទោបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ រួមជាមួយក្រុមការងារ បានចុះបំពេញបេសកកម្មដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន នៅចំណុចភូមិសាស្ត្រខាងលើ តែអកុសលបានដើរជាន់គ្រាប់មីន បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

លោកអធិការស្រុកបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ជិន ហាត់ ឋានន្តរស័ក្តិព្រិន្ទបាលឯក មុខងារមេក្រុម៣ កងអនុសេនាធំទី៣ វរសេនាតូច៣៨៥ ចំណុះកងពលតូចលេខ៨។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានអង្គភាពដឹកមកធ្វើបុណ្យតាមប្រពៃណី នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕