(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Yasuhisa Ojima អ្នកតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគយ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបានថ្លែងអំណរគុណនិង វាយតម្លៃខ្ពស់ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការផ្តល់ជំនួយបច្ចេកទេស ជូនព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា និងការកសាងសមត្ថភាពមន្រ្តីគយនិងរដ្ឋាករ តាំងពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក William E. LeDrew ដែលត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រទាននូវគ្រឿងឥស្សរិយយសថ្នាក់ មហាសេនា តាមរយៈការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លោក William E. LeDrew ជាអ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិអមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ទាំងរយៈពេលខ្លី និងរយៈពេលវែង ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៩។

ក្នុងតួនាទីជាអ្នកជំនាញការ លោកបានចូលរួមចំណែកទាំងកម្លាំងកាយចិត្ត និងសមត្ថភាពជំនាញ រហូតធ្វើឱ្យការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់ អគរលើច្រើនវិស័យ ជាពិសេសពាក់ព័ន្ធនឹងការកសាងបទប្បញ្ញតិ្ត និងគោលនយោបាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា តាមរយៈគុណបំណាច់ដ៏ធំធេងនេះ លោក William E. LeDrew ពិតជាសក្តិសមនឹងទទួលនូវគ្រឿងឥស្សរិយយសនេះ៕