(ព្រះសីហនុ)៖ មន្រ្ដីរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា អ្នកដំណើរជើងចុងក្រោយ សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួន១៤៥នាក់ របស់នាវា Westerdam ត្រូវហោះចេញពីព្រលានយន្ដហោះអន្ដរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ដដំណើរទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។

បើតាមមន្រ្ដីដដែលបានបញ្ជាក់ថា សរុបអ្នកដំណើរដែលបានចាកចេញ ពីប្រទេសកម្ពុជានៅថ្ងៃនេះ មានចំនួន៤០៦នាក់ ចែកចេញជា៣ជើងហោះហើរ ដោយក្នុងនោះពីរជើងចេញពីខេត្តព្រះសីហនុ ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ រួចបន្តហោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីដូរជើងហោះហើរ ទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន និងជើងហោះហើរទី៣ ដែលមានចំនួន១៤៥នាក់នេះ គឺហោះពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួរ រួមបន្តហោះហើរទៅកាន់របស់ប្រទេសពួក។

មន្រ្ដីដដែលរូបនោះបានបញ្ជាក់ថា អ្នកដំណើររបស់នាវា Westerdam នឹងធ្វើការចាកចេញពីកម្ពុជាជាបន្ដបន្ទាប់ទៀត ទៅតាមការចាត់ចែងរបស់អ្នកគ្រប់គ្រងនាវា។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីទទួលជួបស្វាគមន៍ ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។

អ្នកដំណើរដែលបានចាកចេញពីនាវា Westerdam សុទ្ធតែបង្ហាញទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីរងការបដិសេធពីប្រទេស និងកោះសរុបចំនួន៦។

សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕