(ពោធិ៍សាត់)៖ ក្រោយពីព្រមានចាត់វិធានការក្ដៅមន្រ្តីណា ដែលនៅតែបន្តយកកម្រៃសេវាក្រៅប្រព័ន្ធពីប្រជាពលរដ្ឋទៀតនោះ, អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានហាមហើយហាមទៀត ដល់គ្រប់មន្រ្តីរាជការ ដាច់ខាតមិនត្រូវយកកម្រៃ លើសេវាសាធារណៈពីប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញមន្ត្រីរាជការទាំងអស់ ត្រូវសហការគ្នាបម្រើប្រជាពលរដ្ឋឱ្យដិតដល់ និងឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបាកាន ចំនួន៦៥រូប តាមសេចក្តីសម្រេចលេខ ១៧៥សសរ/គ.ជ.អ.ប របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឲ្យដឹងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបាកាននាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិសំដៅធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាពតម្លាភាព គណនេយ្យ ភាពបរិយាប័ន្ន និងសមធម៌សង្គម។

លោកបានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមាន ដែលសម្រេចបាននៅថ្នាក់ក្រោមជាតិនោះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រីកដំណើរការ កំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការ គ្រប់រាជធានីខេត្តស្រុកក្រុង ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ក្នុងបរិបទ នៃការអនុវត្តគោលនយោបាយនេះ មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖១-ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ២–លើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាន, ៣–ចូលរួម និងធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋាន។

លោកបានថ្លែងទៀតថា ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ សូមឲ្យមន្ត្រីដែលបានប្រកាសចូលកាន់មុខតំណែងទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង ឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារ ភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ម៉ៅ ធនិន ក៏បានរំលឹកផងដែរថា ដោយបានការគិតគូរ និងយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជាក់ស្តែងមន្ត្រីរាជការស៊ីវិល បានទទួលអត្ថប្រយោជន៍ជាច្រើន នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅពេលបងប្អូនទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ដែលបានចុះបញ្ជី ដោយមិនគិតថ្លៃនោះឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើដល់បុគ្គលិកអប់រំ គ្រប់ថ្នាក់ គ្រប់ផ្នែក និងតាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវខិតខំរៀបចំសាលារៀនប្រកបទៅដោយបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ជាថ្នាល ជាពុម្ព ជាជាងចម្លាក់ ដែលបណ្តុះបណ្តាលមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំ ឲ្យក្លាយជាសាលារៀនគម្រូពិតប្រាកដ ទៅថ្ងៃអនាគត៕