(ភ្នំពេញ)៖ លទ្ធផលពិនិត្យលើវត្ថុវិភាគរបស់មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅលើនាវាទេសចរណ៍ Westerdam ដែលធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា អ្នកទាំង២០នាក់នេះ មិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មីឡើយ ហើយស្ថានភាពសុខភាពរបស់ពួកគេពេលនេះក៏មិនមានអ្វីធំដុំដែរ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្ស២០នាក់ ដែលត្រូវបានពិនិត្យសំណាកនេះមានស្រ្តី៩នាក់ បុរស១១នាក់ ដោយមានអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និងចុកពោះ ខុសធម្មតា ខណៈដែលរួមដំណើរជាមួយមនុស្សជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam។ ពួកគេត្រូវបានយកសំណាកទៅពិនិត្យ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបានអស់រយៈពេលប្រមាណ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖