(ព្រះសីហនុ)៖ ក្នុងបទសម្ភាសជាមួយ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចូលចតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ភ្ញៀវទេចរជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam នឹងនាំយកទង្វើមនុស្សធម៌កម្ពុជា ទៅផ្សព្វផ្សាយក្នុងប្រទេសខ្លួន ព្រមទាំងកៀរគរភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំទាយថា ក្រោយនេះគេនិយាយល្អពីកម្ពុជា រាប់ពាន់នាក់នេះនឹងនិយាយល្អពីកម្ពុជា អត់មានអ្នកណានិយាយមិនល្អពីកម្ពុជានោះទេ ហើយគេនឹងទាក់ទាញភ្ញៀវទេសចរមកច្រើនទៀត មកកាន់គោលដៅក្រុងព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល»

លោក ថោង ខុន បានបន្តថា ការអនុញ្ញាតឱ្យនាវា Westerdam គឺប្រទេសកម្ពុជាធ្វើតាមច្បាប់ និងបច្ចេកទេសត្រឹមត្រូវ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរទាំងអស់នៅលើនាវាទាំងជិត២ពាន់នាក់ខាងលើនេះ ពួកគាត់បានគោរពតាមច្បាប់របស់កម្ពុជា យ៉ាងខ្ជាប់ខ្ជួន ហើយអាចនិយាយថាប្រទេសកម្ពុជា ជាប្រទេសដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយជាពិសេសបានបង្ហាញច្បាស់អំពីកិច្ចការមនុស្សធម៌។

បន្ថែមពីនេះ លោក ថោង ខុន បានបន្តថា ទីក្រុងព្រះសីហនុ ត្រូបានតភ្ជាប់ពីទីក្រុងសៀមរាបអង្គរ ព្រមទាំងតំបន់ទេសចរណ៍វប្បធម៌ដទៃទៀត ជាក់ស្តែងនៅថ្ងៃនេះ លោកស្រីឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងឯកអគ្គរដ្ឋទូតប្រទេសមួយចំនួន បានអញ្ជើញមកត្រួតពិនិត្យ និងសហការដោយផ្ទាល់ជាមួយអាជ្ញាធរកម្ពុជា ព្រមទាំងបង្ហាះសារនៅគេហទំព័ររបស់ល្អៗ អំពីទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃ បានពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាដឹកនាំភ្ញៀវទេសចរនេះចូលសំចត នៅកំពង់ផែ ខេត្តព្រះសីហនុ ដោយមិនរើសអើង។

គួរជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះ រកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦បដិសេស។ ការអនុញ្ញតឱ្យនាវាចូលពីសំណាក់ សម្តេចតេជោ គឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។
យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឱ្យឃើញថា នាវាទេសចរណ៍ ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។

ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ឃើញមានវត្តមាន លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រួតពិនិត្យជនជាតិរបស់ខ្លួន ដែលស្ថិតនៅលើកប៉ាល់យក្សទេសចរណ៍មួយនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រង នាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕