(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក បានស្នើសុំចូលចតនៅប្រទេសកម្ពុជា ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងចាកចេញទៅវិញ។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសជាមួយ Fresh News។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។ ការអនុញ្ញតឱ្យនាវាចូលពីសំណាក់ សម្តេចតេជោគឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។

លោក គួច ចំរើន បានបញ្ជាក់បន្តថា បន្ទាប់ពីបានមកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ អ្នកទេសចរទាំងអស់ នៅលើនាវានេះ ត្រូវបានត្រួតពិនិត្យម្តងម្នាក់ៗ ដោយក្រុមគ្រូពេទ្យ និងមន្រ្តីកម្ពុជា ហើយក៏មិនទាន់អនុញ្ញាតឱ្យចាកចេញពីនាវាភ្លាមៗឡើយ ដើម្បីធានាថា គាត់មានសុខភាពល្អ។

លោកបន្តថា ពាក់ព័ន្ធនឹងភ្ញៀវទេសចរតាមនាវាដែលវិលវល់២សប្តាហ៍នេះ អាជ្ញាធរកម្ពុជានឹងសម្រួលផងដែរ សម្រាប់អ្នកដែលចង់ចាកចេញតាមជើងយន្តហោះ ដោយមិនគិតពីថ្លៃ Visa នោះទេ។ អ្នកទាំងនោះត្រូវកក់សំបុត្រយន្តហោះជាមុន ហើយបើសិនជាគាត់មិនទាន់បានទិញសំបុត្រយន្តហោះទេ គឺមិនអនុញ្ញាតឱ្យគាត់ចេញពីកប៉ាល់ដែរ។

ដោយឡែកពាក់ព័ន្ធនឹងមន្រ្តីកម្ពុជា ដែលធ្វើការជាប់ប្រចាំជាមួយនឹងភ្ញៀវទេសចរទាំងនោះ នឹងត្រូវតាមដានសុខភាពរយៈពេល១៤ថ្ងៃ បន្ទាប់ពីបញ្ចប់បេសកកម្ម។

យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។

ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ឃើញមានវត្តមាន លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កាណាដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រួតពិនិត្យជនជាតិរបស់ខ្លួន ដែលស្ថិតនៅលើកប៉ាល់យក្សទេសចរណ៍មួយនេះ៕