(ភ្នំពេញ)៖ មន្រ្តីសរុបចំនួន ២១៦នាក់ ចំណុះឲ្យការិយាល័យអង្គភាពទាំង១១ ត្រូវបានទទួលស្គាល់ និងឲ្យចូលបម្រើការងារនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌមានជ័យ។

ពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនេះបានធ្វើឡើង នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានរបស់ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ, ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលខណ្ឌមានជ័យ, អធិការនគរបាលខណ្ឌ, មេបញ្ជាការអាវុធហត្ថ និងការិយាល័យចំណុះជំនាញទូទាំងខណ្ឌ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ជាមួយគ្នានឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលកំពុងតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការគាំទ្រចូលរួម យ៉ាងសកម្ម ពីប្រជាជន និង គ្រប់មជ្ឈដ្ឋាន, រាជធានីភ្នំពេញ បានដាក់ចេញ ទៅរដ្ឋបាលខណ្ឌ សង្កាត់ ឲ្យខិតខំយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញ ចូលតែមួយ ស្របតាមគោលការណ៍កំណត់ប្រកបដោយប្រសិទ្ធភាព រហ័សនិងមានតម្លាភាព ដោយមានការិយាល័យប្រជាពលរដ្ឋ ជាអ្នកតាមដានត្រួតពិនិត្យ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព។

លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ក្នុងការកែទម្រង់នេះ គឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗ ចំនួន៣រួមមាន៖

*ទី១ ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា
*ទី២ ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
*ទី៣ ៖ ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌមានជ័យនាពេលនេះ នឹងធ្វើឲ្យមន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែសកម្មធ្វើឡើងថែមទៀត ក្នុងបុព្វហេតុដើម្បីបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ប្រកបដោយសន្តិភាពគណនេយ្យភាព និងមានតម្លាភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឧត្តមគតិដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕