(ត្បូងឃ្មុំ)៖ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋឃុំជាំក្រវៀន ស្រុកមេមត់ តែងតែប្រារព្ធពិធីចាប់ត្រីនៅរមណីយដ្ឋានបឹងត្រពាំងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ «ពិធីចាប់ត្រី» នេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

កាលពីឆ្នាំ២០១៩កន្លងទៅ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្តបានអញ្ជើញចូលរួមចាប់ត្រី ចំអិនពិសាររាំលេងកំសាន្តជាមួយប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

លោកអភិបាលខេត្ត ក្នុងគ្រាដែលចុះជួបសួរសុខទុក្ខជាមួយពលរដ្ឋតាមមូលដ្ឋានកន្លងមក តែងតែអំពាវនាវដល់ពលរដ្ឋមិនថានៅតំបន់នោះក្នុងខេត្ត ឬតាមបណ្តារាជធានី-ខេត្តនានា អញ្ជើញមកចូលរួមចាប់ត្រីចំអិនពិសារសប្បាយជុំគ្នា ជាពិសេសឆ្នាំនេះ នឹងមានប្រាក់រង្វាន់សម្រាប់អ្នកមានស្នាដៃចាប់បានច្រើនជាងគេ ដោយមានលេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្តផងដែរ។

ទាំងនេះគឺដូចដែរតាមសន្យា លោកថា នឹងប្រារព្ធឲ្យមានពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីប្រជាពលរដ្ឋបានរីករាយជួបជុំ ក្រោមដំបូលសុខសន្តិភាព ក៍ដូចជាបន្តអនុវត្តបន្ត នូវទំនៀមទំលាប់ប្រពៃណីដូនតា ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ។

បើតាមលោក អ៊ួច យឿន មេឃុំជាំក្រវៀន ឲ្យដឹងថា ពិធីចាប់ត្រីតាមបែបប្រពៃណីទំនៀមទម្លាប់ របស់ពលរដ្ឋឃុំជាំក្រវៀន គឺបន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ និងជាកម្ម វិធីកំសាន្តសប្បាយ សម្រាប់ប្រជាពលរដ្ឋ។

លោកមេឃុំបន្តថា នាថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្ត ទស្សនាទេសភាពនៅជុំវិញតំបន់បឹងត្រពាំងក្រម។ រីឯនៅរាត្រីថ្ងៃទី១៣ និង១៤ នឹងមានកម្មវិធីរាំលេង កំសាន្តទល់ភ្លឺ។ ដោយឡែកនៅថ្ងៃទី១៥ គឺជាថ្ងៃប្រារព្ធពិធីចាប់ត្រី ដោយចាប់ផ្តើមចុះចាប់វេលាម៉ោង០៩ព្រឹក ក្រោមការចូលរួមជាអធិបតីភាព ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋជិតឆ្ងាយ។

សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សា វត្តមានត្រីទុកសម្រាប់ ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ។ ចំពោះការចាប់ត្រីពលរដ្ឋ អាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់បឹងក្រម មានផ្ទៃដី ប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕