(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបាន និងការអនុវត្តការងារកន្លងទៅ របស់អាជ្ញាធរខេត្ត និងមន្ទីរ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។

លោក ម៉ុម ជឹមហ៊ុយ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើន ឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅ «អភិបាលកិច្ចល្អ» ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មលើទឹកដីខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីឈ្វេងយល់ពីសភាពការណ៍របស់វិទ្យាល័យ ការលំបាក និងបញ្ហាប្រឈម ដែលជួបប្រទះ ក្នុងការអនុវត្តការងារកន្លងមក៕