(ភ្នំពេញ)៖ លោក ស៊ុយ សេរិទ្ធ អភិបាលរងសាលារាជធានីភ្នំពេញ បានព្រមានមិនឱ្យតែងតាំងតួនាទីមន្ត្រី ដែលជ្រើសចេញពីខ្សែអ្នកមានអំណាច ឬបក្ខពួកនោះឡើយ គឺត្រូវធ្វើការវិនិច្ឆ័យទៅលើមន្ត្រី ដែលត្រូវដំឡើងតួនាទីនោះ ឱ្យបានច្បាស់លាស់ល្អិតល្អន់ជាមុន ដើម្បីឱ្យប្រាកដថាមន្ត្រីនោះ ពិតជាមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ អាចដឹកនាំអង្គភាព ឬស្ថាប័នឱ្យមាននិរន្តរភាពការងារ។ 

ការព្រមានបែបនេះរបស់លោក ស៊ុយ សេរិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញ។ លោក ស៊ុយ សេរិទ្ធ ព្រមានយ៉ាងដូច្នេះថា៖ «មន្ត្រីដែលបំពេញភារកិច្ច បានល្អមានសមត្ថភាព មានចំណេះដឹងគួរតែផ្តល់ការលើកទឹកចិត្ត តាមរយៈការស្នើសុំដំឡើងតួនាទី និងកាំប្រាក់ ហើយត្រូវចៀសវាងដាច់ខាត ការតែងតាំងមន្ត្រី បក្ខពួកមន្ត្រីជាកូនចៅអ្នកធំឬ អ្នកមានអំណាច»។ 

ជាមួយគ្នានេះដែរលោក ស៊ុយ សេរិទ្ធ ក៏បានណែនាំរដ្ឋបាលខណ្ឌផងដែរ នៅមុននឹងធ្វើការតែងតាំងមន្ត្រីណាម្នាក់គួរធ្វើការវិនិច្ឆ័យ ឱ្យបានច្បាស់លាស់ទាំងអាយុ មុខនាទីបច្ចុប្បន្ន រយៈពេលបំពេញការងារ សមត្ថភាព ចំណេះដឹងជាមួយនឹងគុណសម្បត្តិ ដែលមន្ត្រីនោះ បានកសាងកន្លងមក។

លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា គឺជាការធ្វើសមាហរណកម្មច្របាច់បញ្ចូលមន្ត្រីពីការិយាល័យផ្សេងៗ ឱ្យស្ថិតនៅក្រោមរដ្ឋបាលខណ្ឌ ក្នុងគោលដៅធ្វើការកែទម្រង់ការគ្រប់គ្រង និងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែល្អប្រសើ និងមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត ក្នុងការបម្រើ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យឆ្លើតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក ស៊ុយ សេរិទ្ធ បានបន្ថែមថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការធ្វើកំណែទម្រង់ដោយផ្ទេរនូវសិទ្ធិអំណាចធនធាន ថវិកាឱ្យដល់ថ្នាក់ក្រោមជាតិ ដល់ថ្នាក់រដ្ឋបាលមូលដ្ឋាន សំដៅដលើការគ្រប់គ្រងកិច្ចការ ក្នុងតំបន់របស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យរដ្ឋបាលខណ្ឌកំបូល ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់ធនធានមនុស្ស ដែលបានប្រកាសធ្វើសមាហរណកម្មនេះ ឱ្យអស់សក្តានុពលសំដៅធ្វើឱ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានលឿន មានតម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោក ស៊ុយ សេរិទ្ធ ក៏បានបង្ហាញនូវក្តីរំពឹងដែរថាបន្ទាប់ពីធ្វើសមាហរណកម្មនេះ ទៅរដ្ឋបាលខណ្ឌកំបូល កាន់តែមានមូលដ្ឋានគ្រឹះក្នុងការបំពេញ ភារកិច្ចបានកាន់តែល្អប្រសើរថែមទៀត លើការគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដើម្បីបង្កើតជំរុញ និងធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅតាមមូលដ្ឋាននីមួយៗ និងសូមជម្រាបជូនផងដែរថា ការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញនាពេលនេះ គឺមានការិយាល័យចំនួន៩ និងអង្គភាពចំនួន២ ត្រូវបានដាក់បញ្ចូលឱ្យស្ថិតនៅក្រោមរដ្ឋបាលខណ្ឌកំបូល។

គួរបញ្ជាក់ថា ការតែងតាំងតួនាទីដល់មន្ត្រីណាម្នាក់ដោយឆ្លងកាត់តាមការវាយតម្លៃបានត្រឹមត្រូវល្អ នោះធ្វើឱ្យស្ថាប័នមានការរីកចម្រើន ផ្ទុយទៅវិញបើការតែងតាំងដោយបក្សពួក ឬដោយខ្សែរអ្នកធំ អ្នកមានអំណាចវានឹងជះឥទ្ធិពលមិនល្អ នៅក្នុងអង្គភាព ឬស្ថាប័ន បង្ករការថ្នាំងថ្នាក់ដល់អារម្មណ៍ ហើយក៏អាចបង្កការបែកបាកសាមគ្គីភាពផ្ទៃក្នុងផងដែរ៕