(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Pablo Chiho Kang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំនៅកម្ពុជា ហើយសង្ឃឹមថា តាមរយៈវត្តមាន និងបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា, ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី នឹងកាន់តែស៊ីជម្រៅ និងប្រសើរថែមទៀតនៅលើគ្រប់វិស័យ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់តាំងពីការជួយដល់ដំណើរការ កសាងសន្តិភាព រហូតដល់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ឥតឈប់ឈរ ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនអនេក ។

លោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យ កត់សម្គាល់របស់កម្ពុជានាបរិការណ៍បច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង ជាពិសេស ការដាក់ចេញនិងអនុវត្តនូវ កិច្ចការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា, ការកៀរគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយការចំណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធិភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត លើឆាកអន្តរជាតិ។

លោកក៏បានបញ្ជាក់បន្ថែមថា ឈរលើហេតុផលពិតនៃការអភិវឌ្ឍទាំងនេះ, អូស្រ្តាលីនឹងបន្តជួយគាំទ្រ ក៏ដូចជាបង្ហាញការពិតពី កិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្តទៀត ដើម្បីជំរុញឱ្យអ្នកវិនិយោគិនអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែ ច្រើននៅកម្ពុជា។

លោកបានបន្តថា អ្នកវិនិយោគិនអូស្រ្តាលីមានចំណាប់អារម្មណ៍ ទៅលើការវិនិយោគលើវិស័យ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយវិស័យសេវាកម្មដែលរួមមាន៖ ទេសចរណ៍ និងការបណ្តុះបណ្តាល និងអប់រំ ក៏ត្រូវ បានគិតគូរផងដែរ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូស្រ្តាលីបានមកទស្សនា ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំនួនប្រមាណ ៣ ០០០នាក់ បានចុះឈ្មោះទៅ សិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ។

ភាគីទាំងពីរក៏បានពិភាក្សា អំពីការព្យាករណ៍នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការព្យួរ EBA ជាយថាហេតុ ដោយសហភាពអឺរ៉ុប ជាមួយនឹងសេណារីយ៉ូសម្រាប់ជាដំណោះស្រាយរបស់កម្ពុជា និងឥទ្ធិពលនៃរាតត្បាតនៃជំងឺកូរ៉ូណាថ្មីមកលើសេដ្ឋកិច្ចកម្ពុជាជាដើម ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរលោក Pablo Chiho Kang ឱ្យទទួលបានជោគជ័យក្នុងតួនាទីថ្មីរបស់លោកនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី៕