(ភ្នំពេញ)៖ អ្វីដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកចង់ដឹងជាយូរមកហើយ ទាក់ទងនឹងវាសនានៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាលើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០នេះត្រូវបានប្រកាសជាផ្លូវការហើយពីគណៈកម្មាធិការអឺរ៉ុបគឺសហភាពអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះនៃការអនុគ្រោះពន្ធលើមុខទំនិញកម្ពុជា ដែលសរុបមានតម្លៃប្រមាណ១០០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ការសម្រេចព្យួរផ្នែកខ្លះនេះមិនមែនមានន័យថា សហភាពអឺរ៉ុបបិទទីផ្សារ មិនអនុញ្ញាតឱ្យកម្ពុជានាំចូលទំនិញទៅលើទឹកដីខ្លួនឡើយ ប៉ុន្តែគ្រាន់តែតម្រូវឱ្យបង់ពន្ធលើទំនិញនាំចូលប៉ុណ្ណោះ ហើយកម្ពុជាបានធ្វើរួចហើយលើការនាំចូលអង្ករ។ 

ការសម្រេចរបស់សហភាពអឺរ៉ុបនេះមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន បានត្រៀមកញ្ចប់វិធានការជាកញ្ចប់រួចស្រេចជាច្រើនឆ្នាំមកហើយ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងករណីកម្ពុជាមិនទទួលបាននូវការអនុគ្រោះពន្ធបន្តទៀត ព្រោះកម្ពុជាបានចាកចេញពី ប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបរួចទៅហើយ។

ប៉ុន្តែអ្នកដែលខកចិត្តគឺក្រុមជនក្បត់ជាតិទៅវិញទេ ព្រោះអ្វីដែលជាការរំពឹងទុករបស់ពួកគេមិនដូច ក្តីប៉ងប្រាថ្នាគឺពួកគេចង់ឱ្យសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធទាំងស្រុងពីកម្ពុជាតែម្តង។ ការដកទាំងស្រុង ដែលក្រុមជនក្បត់ជាតិ ជាពិសេសក្រុមទណ្ឌិត សម រង្ស៊ី លើកឡើងថា ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះសាធារណៈមតិពិតជាបានឃើញច្បាស់ ក្នុងសេចក្តីសម្រេចកម្រាស់១៨ ទំព័ររបស់ខ្លួន គណៈកម្មាធិការអឺរ៉ុបបានមិនបានលើកឡើង សូម្បីតែមួយម៉ាត់ពីឈ្មោះទណ្ឌិត សម រង្ស៊ី ដែលត្រូវបានគេបំភ្លេចចោល ហើយលើកតែឈ្មោះ កឹម សុខា ដែលកំពុងជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយបញ្ហាក្នុងសង្គមផ្សេងៗដែលក្រុមប្រឆាំងតែងតែបរិហារដូចជាបញ្ហាដីធ្លី ជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ចជាដើមត្រូវសហភាពអឺរ៉ុបសរសើរថាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់។

ការសម្រេចរបស់សហភាពអឺរ៉ុប ដែលគេសង្ស័យថា ជាបញ្ហានយោបាយគឺពិតជាត្រឹមត្រូវព្រោះពួកគេបានផ្តោតតែទៅលើករណី កឹម សុខា និងខ្មោចគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរកឃើញភស្តុតាងជាប់ពាក់ព័ន្ធការឃុបឃិតជា មួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបដិវត្តន៍ហិង្សា ប៉ងឡើងកាន់អំណាចមិនតាមបែបប្រជាធិបតេយ្យ។ ពួកគេលើកពីសេរីភាពនៃការបញ្ចេញមតិដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មានក្នុងនោះសំដៅលើ កាសែតឌឹ ខេមបូឌាដេលី ដែលជ្រកនៅក្រោមស្លាកអង្គការមិនមែនរដ្ឋាភិបាល រកស៊ីនិងស្វែងរកប្រាក់ចំ ណេញប៉ុន្តែគេចកាតព្វកិច្ចបង់ជូនជូនរដ្ឋ និងវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍បំពងសំឡេងនយោបាយរបស់ក្រុមបដិវត្តន៍ពណ៌ ដែលគេចមិនបង់ពន្ធ។

ពួកគេលើកឡើងពីលំហសេរីភាពនៃការធ្វើសកម្មភាពនិងការជួបជុំដែលសំដៅលើសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលតែងតែគេចវេសមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុ មិនផ្តល់របាយការណ៍ពីសកម្មភាពរបស់ខ្លួន និងមិនព្រមបងពន្ធជូនរដ្ឋ។ ទាំងនេះហើយដែលពួកគេចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជានោះ។ តាមពិតតើនរណាជាអ្នករំលោភលើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ?

កម្ពុជាសូមអរគុណសហភាពអឺរ៉ុបដែលហ៊ានទទួលស្គាល់នូវការពិតដែលរាជរដ្ឋាភិបាលបានខិតខំ ប្រឹងប្រែងធ្វើ។ កម្ពុជាក៏ចង់ឱ្យសហភាពអឺរ៉ុបពិចារណាបន្ថែមលើអ្វី ដែលជាបំណងប្រាថ្នាពិតប្រាកដរបស់ ប្រជាជនកម្ពុជា ស្វែងយល់អ្វីដែលជាអាទិភាព ដែលកម្ពុជាត្រូវការជាជាងស្តាប់ការញុះញង់និងការមួលបង្កាច់ របស់ក្រុមជនក្បត់ជាតិមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមលេសសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ព្រោះពេលនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនគួរផ្តោតតែទៅលើករណីជនក្បត់ជាតិ កឹម សុ ខា ឬវត្តមានខ្មោចគណបក្សសង្គ្រោះជាតិ ឬវត្តមានរបស់វិទ្យុបម្រើគោលបំណងបដិវត្តន៍ និងសមាគមនិង អង្គការមិនមែនរដ្ឋាភិបាលដែលជាប្រតិបត្តិករនៃបដិវត្តន៍ពណ៌ប៉ុណ្ណោះទេ គឺត្រូវពិនិត្យមើលលើការគោរព សិទ្ធិនិងសេរីភាពសម្រាប់ពលរដ្ឋទូទាំងប្រទេស ក៏ដូចជាដំណើរការប្រជាធិបតេយ្យទាំងមូល មិនមែនត្រឹម តែជ្រុងសំឡេងប្រឆាំងនោះឡើយ។

សហភាពអឺរ៉ុបក៏គួរឱ្យតម្លៃប្រជាពលរដ្ឋ៨៣,០២% ដែលបានអញ្ជើញ ទៅបោះឆ្នោតតាមដំណើរការប្រជាធិបតេយ្យ ហើយក្នុងនោះជាង ៧០% គាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។ សភាពអឺរ៉ុបក៏ត្រូវស្វែងយល់ពីអាទិភាពរបស់កម្ពុជា ក្នុងការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍពីការគំរាមកំហែងរបស់ក្រុមជនក្បត់ជាតិដែលមានសម រង្ស៊ី និង កឹម សុខា ដែលបានរួមគ្នាអនុវត្តផែនការបដិវត្តន៍ពណ៌កាលពីឆ្នាំ ២០១៣។ សហភាពអឺរ៉ុបក៏គួរឱ្យ តម្លៃលើប្រព័ន្ធផ្សព្វផ្សាយ និងលំហប្រជាធិបតេយ្យ និងសេរីភាពរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើសកម្មភាពយ៉ាងសេរីនៅកម្ពុជា។ តើទាល់តែសមាគមនិងអង្គការ វិទ្យុដែលគាំទ្របក្សប្រឆាំង ធ្វើអ្វីស្រេចតែនឹងចិត្ត និងគាំទ្រខាងខ្លួនទើបមានការគោរពសិទ្ធិមនុស្សនិងមានប្រជាធិបតេយ្យ? បើដូច្នេះសហភាពអឺរ៉ុបបាននិងកំពុងអនុវត្តស្តង់ដារពីរក្នុងវិស័យតែមួយ ព្រោះសហភាពអឺរ៉ុបបានអនុវត្តស្តង់ដារពីរ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនរួចដែរហើយ។

ទោះយ៉ាងណា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមិនដួលរំលំដូចអ្វីដែលក្រុមប្រឆាំងបាននិងកំពុង តែបន់ស្រន់ផង លត់ជង្គង់អង្វរឱ្យបរទេសបំផ្លាញជាតិខ្មែរផងនោះទេ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានគិតគ្រប់ជ្រុងជ្រោយរួចជាស្រេចទៅហើយក្នុងការដោះស្រាយជាកញ្ចប់ដើម្បី ទប់ទល់នឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ។ បើពិនិត្យឱ្យជាក់ច្បាស់ កម្ពុជាអាចរក្សាបានការបន្តអនុគ្រោះ ពន្ធចំនួន ៨០% លើទំនិញដែលត្រូវនាំចូលទៅសហភាពអឺរ៉ុប ហើយនឹងត្រូវប្រឈមនឹងការកាត់ចំនួន ២០% ប៉ុណ្ណោះដែលការកាត់ដោយផ្នែកនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ខាងមុខ ប៉ុន្តែ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានបើកច្រកទ្វារពិចារណាផ្តល់ឱ្យកម្ពុជាវិញដែរ ប្រសិនបើស្ថានការណ៍មួយចំនួនដែលសហភាពអឺរ៉ុបមានការព្រួយបារម្ភ នឹងមានភាពប្រសើរឡើងវិញនោះ។ ដូច្នេះ ការសម្រេច ព្យួរផ្នែកខ្លះនៃការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺជាការជំរុញកម្ពុជាឱ្យកាន់តែខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្ពោះឡើងមួយកម្រិតទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជាចំពោះមុខនៃ ការសម្រេចរបស់សហភាពអឺរ៉ុបនេះគឺមិនយកអធិបតេយ្យភាពជាតិ ទៅដូរជាមួយនឹងជំនួយឬការគាំទ្រណា មួយឡើយ។ ក្នុងនាមកម្ពុជាជាប្រទេសអធិបតេយ្យ និងឯករាជ្យត្រូវមានសិទ្ធិពេញលេញអនុវត្តច្បាប់នៅលើទឹកដីរបស់ខ្លួននិងគ្មានបរទេសណាមួយអាចមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។ ចំណែក ប្រជាជនកម្ពុជាជាពិសេសកម្មករ កម្មការិនីនិងក្រុមគ្រួសាររបស់ពួកគេពួតដៃសាមគ្គីជាមួយរាជរដ្ឋាភិបាល
កម្ពុជាការពារអធិបតេយ្យភាពជាតិ និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងមានជំនឿទុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមេដឹកនាំម្នាក់នេះ បានយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតជាតិនិងប្រជាជនចេញពីក្រញ៉ាំដៃនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំយកសុខសន្តិភាពពេញលេញជូន មាតុភូមិ និងដឹកនាំប្រទេសប្រកបដោយការរីកចម្រើន។ ប្រជាពលរដ្ឋខ្មែរគាំទ្រជានិច្ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន!!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០