(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឲ្យនាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយគ្រឿង ឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។

Facebook ផ្លូវការរបស់ក្រុមហ៊ុននាវានេះ បានបង្ហោះដំណឹងដ៏រីករាយនេះប្រាប់ដល់ពិភពលោក និងអ្នកធ្វើដំណើរទាំងអស់ក្នុងនាវាថា កម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ បន្ទាប់ពីបរាជ័យក្នុងការសុំប្រទេស និងកោះសរុបចំនួន៦ ចូលចត ប៉ុន្តែត្រូវគេបដិសេធ។

ព័ត៌មាននៃការទទួលបានការអនុញ្ញាត ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលត្រូវបានបង្ហោះនៅលើ Facebook របស់ក្រុមហ៊ុននាវាឈ្មោះថា Holland America Line ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកដំណើរដែលកំពុងស្នាក់នៅលើនាវានេះ ដោយពួកគាត់បាន Comments ថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យពួកគេបានចូលចត។

នៅក្នុង Comments ជាង៥០០នៅលើ Facebook ដែលទើបបង្ហោះបាន៣ម៉ោង (គិតត្រឹមម៉ោង១០យប់) អ្នកដំណើរទាំងនោះបានបញ្ជាក់ស្រដៀងៗគ្នា ថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយពួកគេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

អ្នកវិភាគបានលើកឡើងថា ប្រទេសនិងកោះ ចំនួន៦ដែលបានរារាំងនាវាទសេចរណ៍ខ្នាតយក្សនេះចូលចត សុទ្ធសឹងតែជាប្រទេសដែលមានភាពសិទ្ធស្នាលនឹង សហរដ្ឋអាមេរិក ខណៈនាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ដូច្នេះអ្វីដែលជាទង្វើរបស់កម្ពុជាធ្វើនៅពេលនេះ ជាកិច្ចការមនុស្សធម៌ដ៏ល្អណាស់ក្នុងនាមប្រទេសតូចនិងដ៏កំសត់មួយ មិនរើសអើងពូជសាសន៍ និងបង្ហាញទឹកចិត្តដ៏ធំធេងក្នុងការជួយសង្រ្គោះមនុស្សកំពុងជួបគ្រោះអាសន្ន។

អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕