(ប៉េកាំង)៖ រដ្ឋអាជ្ញាចិន បានសម្រេចចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ លើបុរសម្នាក់ មានអាយុ៥៩ឆ្នាំ ដែលបានរុំចង្កេះខ្លួនឯងជាមួយផាវ និងចាក់សាំងគំរាម ដុតសម្លាប់ខ្លួនឯង ជាការសម្ដែងការប្រឆាំងជំទាស់នឹងបំរាមលើការជួបជុំជាសាធារណៈ កំឡុងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើតាមការ ចេញផ្សាយដាយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

បុរសម្នាក់ខាងលើ ដែលរស់នៅក្នុងទីក្រុង ឆុងឈីង (Chongqing) ប្រទេសចិន មានគម្រោងរៀបចំពិធីជប់លៀងខួបកំណើត ទទួលភ្ញៀវចំនួន ១០តុ នៅថ្ងៃទី២៨ ខែមករា កន្លងទៅ។ ប៉ុន្តែ មន្ត្រីក្នុងតំបន់ ដែលកំពុងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) បានស្នើសុំឱ្យគាត់លុបចោលគម្រោង នោះវិញ។ មួយវិញទៀត បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែមករា បុរសរូបនេះ បានបរាជ័យក្នុងការបញ្ចុះបញ្ចូលក្រុមមន្ត្រី ឱ្យអនុញ្ញាតឱ្យគាត់ធ្វើពិធីខួបកំណើត ម្លោះហើយ គាត់ក៏យកផាវរុំចង្កេះ និងចាក់សាំងគំរាមដុតសម្លាប់ខ្លួនឯង ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ ថាតើបុរសនោះនឹងត្រូវមានទោស ឬការពិន័យបែបណាទេ ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ។

គួរបញ្ជាក់ថា អាជ្ញាធរចិនបានហាមឃាត់ការរៀបចំជួបជុំធំៗ ជាសាធារណៈ ដូចជាពិធីជប់លៀងជាដើម ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល វីរុសកូរ៉ូណា (COVID-19) ដែលបានសម្លាប់មនុស្សជាង ១,១០០នាក់ និងឆ្លងច្រើនជាង ៤ ម៉ឺននាក់នៅក្នុងប្រទេសចិន៕