(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសារាចរមួយ ដាក់ចេញវិធានការចំនួន ៥ចំណុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ។

យោងតាមសារាចរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា វិធានការទាំង៥នោះ រួមមាន៖

១៖ ដោយការងារសិទ្ធិមនុស្សជាការងារអន្តរវិស័យ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវសហការឲ្យបានជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានជាអាទិ៍ ការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការងារទទួលនិងដោះស្រាយពាក្យបណ្តឹង និងការងារស៉ើបអង្កេតនិងត្រួតពិនិត្យ ស្ថានភាពសិទ្ធិមនុស្ស នៅតាមពន្ធនាគារ និងកន្លែងឃាត់ខ្លួន និងឃុំខ្លួនផ្សេងៗទៀត។

២៖ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការសហការឲ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការរៀបចំរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ មានជាអាទិ៍ ការផ្តល់ព័ត៌មាន និងទិន្នន័យ ការចូលរួមកិច្ចប្រជុំ និងការផ្តល់របាយការណ៍ឆ្លើយតប ឲ្យបានទៀងទាត់តាមកាលកំណត់។

៣៖ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលាទៅនឹងរបាយការណ៍ទាំងឡាយ ពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិ ដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា របាយការណ៍អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងរបាយការណ៍សិទ្ធិមនុស្សកម្ពុជាដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថភាពរបស់ខ្លួន។

៤៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំបញ្ជូនតំណាងចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្ស តាមសន្ធិសញ្ញានីមួយៗ នៅអង្គការសហប្រជាជាតិ តាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

៥៖ តាមសំណើរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រីស្នើសុំថវិកាក្នុងកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលក្នុងការបញ្ជូន ប្រតិភូតំណាងនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិ សម្រាប់ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូតំណាងក្រសួង ស្ថាប័នដែលចាំបាច់។

ពាក់ព័ន្ធនឹងវិធានការទាំង៥ចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែផ្តល់តម្លៃខ្ពស់ និងយកចិត្តទុកដាក់ដល់ការងារសិទ្ធិមនុស្សនៅកម្ពុជា។ លោកចាត់ទុកថា នេះជារបត់ថ្មីនៃការងារ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកើតចេញពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕