(កំពង់ចាម)៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងរយៈពេលមួយថ្ងៃពេញ បានចុះប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកចំនួន ៦ស្រុក ក្នុងនោះមានស្រុកស្រីសន្ធរ ស្រុកព្រៃឈរ ស្រុកកំពង់សៀម ស្រុកចំការលើ ស្រុកបាធាយ និងស្រុកកោះសូទិន។

ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើក ឡើងថា ការដាក់ឱ្យដំណើរការចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការ ទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ធ្វើការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើក កម្ពស់ការទទួលខុស ត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕