(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានមន្រ្តីសរុប ២៣២នាក់ ចំណុះឱ្យការិយាល័យអង្គភាពទាំង១១។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា ការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌច្បារអំពៅនាពេលនេះនឹងធ្វើឱ្យមន្រ្តីគ្រប់ផ្នែក គ្រប់ជំនាញបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែសកម្មធ្វើឡើងថែមទៀត ក្នុងបុព្វហេតុដើម្បីបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ប្រកបដោយសន្តិភាពគណនេយ្យភាព និងមានតម្លាភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ឧត្តមគតិដ៏ឧត្តុង្គឧត្តម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា ជាមួយគ្នានឹងគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ដែលកំពុងតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការគាំទ្រចូលរួមយ៉ាងសកម្ម ពីប្រជាជន និងគ្រប់មជ្ឈដ្ឋាន, រាជធានីភ្នំពេញ បានដាក់ចេញទៅរដ្ឋបាលខណ្ឌ-សង្កាត់ ឱ្យខិតខំយក ចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ស្របតាមគោលការណ៍ កំណត់ប្រកប ដោយប្រសិទ្ធភាពរហ័ស និងមានតម្លាភាព ដោយមានការិយាល័យប្រជាពលរដ្ឋ ជាអ្នកតាមដានត្រួតពិនិត្យ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើឱ្យបានធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព។

លោក ប៉ា សុជាតិវង្ស បានបន្តថា ក្នុងបរិបថ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ចំពោះការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចមុខងារ និងផ្ទេរធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព៕