(កំពង់ឆ្នាំង)៖ គម្រោងស្ដារ និងជីកប្រឡាយចំនួន២ខ្សែ មានប្រវែងជាង ៥គីឡូម៉ែត្រ នៅក្នុងភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ត្រូវបានអាជ្ញាធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កំពុងដំណើរការរៀងរាល់ថ្ងៃ ដើម្បីជួយសម្រួល ដល់ការបើកបរទូកកាណូត ពីមាត់ទន្លេយកមកទុកដាក់នៅជិតភូមិឋាន របស់ប្រជាពលរដ្ឋ ដែលបានធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹក ឡើងមករស់នៅលើគោក។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិយាយថា ដោយអនុវត្តន៍តាមផែនការរបស់ថ្នាក់លើ ដើម្បីជួយសម្រួលឱ្យមធ្យោបាយទូកកាណូត របស់ប្រជាពល រដ្ឋ ដែលបានបម្លាស់ទីផ្ទះបណ្ដែតទឹកពីទន្លេឡើង មករស់នៅលើគោក នៅក្នុងភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ដែលកន្លងមក ពួកគាត់បានទុកដាក់ទូកកាណូតនៅឯមាត់ទន្លេ ឆ្ងាយពីភូមិឋាន គឺនៅពេលប្រឡាយទាំង ២ខ្សែនេះធ្វើរួចរាល់ ពួកគាត់អាចបើកបរទូកកាណូត យកមកទុកដាក់នៅជិតលំនៅដ្ឋានរបស់ពួកគាត់ ដែលអាចកាត់បន្ថយបាននូវការខូចខាត បាត់បង់កន្លងមក។

លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ឲ្យដឹងទៀតថា ជិត ១ខែនេះអាជ្ញាធរឃុំ កំពុងអនុវត្តគម្រោងជីក និងស្តារប្រឡាយចំនួន២ខ្សែ ដែលមានប្រវែងជាង ៥គីឡូម៉ែត្រគឺ ចំណុចទី១ ជីកប្រឡាយ នៅក្នុងភូមិកំពង់ព្រះ មានប្រវែង ១១០០ម៉ែត្រ និងចំណុចទី២ ជីកពង្រីកប្រឡាយ នៅក្នុងភូមិឆ្នុកទ្រូ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ គឺប្រឡាយទាំង ២ខ្សែនេះ មានជម្រៅ ៥ម៉ែត្រ និងបាតក្រោម មានទទឹង ៨ម៉ែត្រ ហើយខ្នងប្រឡាយខាងលើ ក៏អាចក្លាយជាផ្លូវលំ សំរាប់ឲ្យប្រជាពលរដ្ឋបើកបរ យានយន្តតាមផ្លូវគោកនៅក្នុងមូលដ្ឋាន។

ម៉្យាងវិញទៀត គឺទឹកនៅក្នុងប្រឡាយទាំង២នេះ ក៏អាចផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ បូមប្រើប្រាស់ស្រោចស្រពដំណាំនៅក្នុងភូមិឋាន និងនៅក្នុងចំការបានដោយងាយស្រួលផងដែរ។

ដោយឡែកគម្រោងជីក និងស្តារប្រឡាយទាំង ២ខ្សែខាងលើនេះគឺ ត្រូវចំណាយថវិការមូលនិធិឃុំ ឆ្នាំ២០២០ ដែលមានចំនួនជាង ២០០លានរៀល។ គម្រោងជីកប្រឡាយ ទាំង២ខ្សែខាងលើនេះ ក៏បានធ្វើអោយប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូជាង១ពាន់គ្រួរសារ រីករាយសប្បាយចិត្តយ៉ាងខ្លាំងផងដែរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ ឃុំ ស្រុក និងខេត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបំលាស់ទីផ្ទះបណ្តែតទឹកពីទន្លេ ឡើងមករស់នៅលើគោករបស់ប្រជាពលរដ្ឋ ឃុំឆ្នុកទ្រូ។

ពួកគាត់សង្ឃឹមថា នៅក្នុងពេលខាង មុខនេះ ពួកគាត់នឹងអាចបើកបរទូកកាណូត របស់ខ្លួនពីមាត់ទន្លេ យកមកទុកដាក់ ដោយមានសុវត្តិភាពនៅជិតភូមិឋាន ដែលពួកគាត់កំពុងរស់នៅជាមិខាន៕