(ត្បូងឃ្មុំ)៖ ក្នុងឱកាសចុះផ្សព្វផ្សាយស្វែងយល់ពីច្បាប់ចរាចរណ៍ ចែកសៀវភៅ និងមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យចុះមកកម្រិតទាបបំផុត។

លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅតាមបណ្តោយផ្លូវលេខ៧ ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងនគរបាលចរាចរណ៍ខេត្ត។

លោក ហាក់ សុខមករា បានក្រើនរំលឹកដល់អ្នកធ្វើដំណើរទាំងអស់ ត្រូវរួមគ្នាគោរព និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ដោយរាល់ពេលឡើងយានជំនិះបើកបរ ត្រូវពិនិត្យរថយន្តឲ្យមានសុវត្ថិភាព និងត្រូវពាក់ខ្សែក្រវ៉ាត់ ចំណែកម៉ូតូត្រូវដាក់កញ្ចក់ និងពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរ។

ជាពិសេសត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ឲ្យដូចខ្លាចជំងឺផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា ព្រោះថា កម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារវីរ៉ុសនេះនៅឡើយទេ តែយើងនាំគ្នាខ្លាចរអារ ប៉ុន្តែត្រង់គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតប្រជាជនកម្ពុជា ជិត ២ពាន់នាក់ ក្នុង១ឆ្នាំៗ ដែលជាមច្ចុរាជលេខ១ បែរជាពលរដ្ឋកម្ពុជាមើលរំលង ដោយយើងគ្រប់គ្នាត្រូវ យកចិត្តទុកដាក់លើរឿងនេះទាំងអស់គ្នា។

ក្នុងយុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរយានយន្ត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចែកជូន ឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ តាមរយៈ កម្មវិធី Cambodia Driving Rule ដែលជាកម្មវិធីបង្កើតឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថា នៅក្នុងយុទ្ធនាការនេះ បានចែកមួកសុវត្ថិភាព ចំនួន១០០មួក, ចែកសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ចំនួន៣០០ក្បាល, ខិតប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន៣០០សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត ចំនួន៥០០សន្លឹក, និងស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន២០សន្លឹក៕