(កណ្ដាល)៖ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស ក្នុងឃុំស្អាងភ្នំ៩៩០នាក់ បានជួបជុំគ្នាស្តាប់ឱវាទពាក់ព័ន្ធការអប់រំផ្លូវចិត្ត ដើម្បីចូលរួមកាត់បន្ថយហិង្សា ក្នុងគ្រាដែលកន្លងមកថ្មីៗ មានករណីសិស្សសាលាវាយតប់គ្នា ការគំរាមកំហែងដោយកាំភ្លើង ការបាញ់សម្លាប់ ដោយគ្រាន់តែរឿងបន្តិចបន្តួច និងករណីហិង្សាមួយចំនួនទៀត ក្រោមប្រធានបទ «អប់រំផ្លូវចិត្ត គឺកាត់បន្ថយហិង្សា ស្អាងស្អាត ស្អាងភ្នំខ្ញុំស្អាត ស្អាតទាំងកាយ ស្អាតទាំងចិត្ត»

ការរៀបចំឲ្យមានការអប់រំផ្លូវចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយក្រុមការងារពង្រឹងឃុំស្អាងភ្នំ ដែលមានលោក អ៊ាវ ចំរើន ជាប្រធាន បាននិមន្តព្រះភិក្ខុវជិរវប្បញ្ញោ គូ សុភាព ផ្តល់ឱវាទ និងក៏មានវត្តមានព្រះសង្ឃនិមន្តពីតាមវត្តចំនួន៤វត្តទៀត ក្នុងមូលដ្ឋានឃុំស្អាងភ្នំផងដែរ។

សូមជំរាបថា ប្រជាពលរដ្ឋ យុវជន ប្រជាការពារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលចូលរួមនឹងក្លាយជាជនបង្គោល សម្រាប់បន្តផ្តល់ដំបូន្មាន និងផ្សព្វផ្សាយ ដល់អ្នកដទៃទៀតផង អំពីការតស៊ូប្រឹងប្រែងក្នុងជីវិតថែមទៀត។ ចុងបញ្ចប់ក៏មានការផ្តល់រទេះជនពិកា និងថវិកាជូនដល់ជនពិកាថែមទៀត៕