(ព្រះវិហារ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដែលមានលោក ដួង មុនី ជាប្រធានសាខា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ដូនទុន បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្តាផ្ទះ លក់ទំនិញ នៅផ្សារឆែប ក្នុងភូមិឆែបលិច ខេត្តព្រះវិហារ

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នេះជាការអនុវត្តជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សវិទ្យាល័យ ហ៊ុន សែន ដូនទុន នៅក្នុងការ ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រាប់នៅផ្សារឆែបក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

លោកប្រធានសាខា បានបន្តថា ជាលទ្ធផល ក្នុងការចុះអង្កេតទំនិញខាងលើនេះ មន្រ្តីជំនាញកាំកុងត្រូល បានរកឃើញ ដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ១០មុខ បានធ្វើកំណត់ហេតុ ដកហូតដុតកម្ទេចចោលភ្លាមៗដូចជា៖ ទឹកក្រូច ចំនួន ០៨ដប, ទឹកស៊ីអ៊ីវ ចំនួន ០៥ដប, ទឹកត្រីកោះកុង ចំនួន ១៨ដប, ទឹកត្រី ចំនួន ១៣ដប, ទឹកសៀង ចំនួន ២០ដប, ទឹកខ្មេះ ចំនួន ០៦ដប, ទឹកស៊ីរ៉ូ ចំនួន ០៨ដប, ប័រ ចំនួន ០៥ប្រអប់, តៅហូកែវ ចំនួន ០២កែវ និងត្រីខ ចំនួន ០៣កំប៉ុង។

លោក ដួង មុនី ក៏បានណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាចៀសវាង បង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ និងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕