(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ដើម្បីទប់ស្កាក់នៃការរីករាលដាលការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន សូមយុវជនស្វែងយល់ឲ្យបានច្បាស់ និងបដិសេធពីគ្រឿងញៀនគ្រប់ប្រភេទ ក្រៅពីនោះអាណាព្យាបាលក៏ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការតាមដានកូនរបស់ខ្លួន ដើម្បីបានដឹងថា ពួកគេកំពុងជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ឬទេ?។

ថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លោកនាយឧត្តមសេនីយ៍ បានឲ្យដឹងថា «ខ្ញុំសូមឲ្យយុវជនដែលមានវ័យចន្លោះពី១៨-៣៥ឆ្នាំ សូមស្វែងយល់ឲ្យបានច្បាស់ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដូច្នេះរួមគ្នាបដិសេធចំពោះគ្រឿងញៀន។ ដោយឡែកសម្រាប់ឪពុកម្ដាយ អាណាព្យាបាល ត្រូវខិតខំពិនិត្យមើលកូនចៅ ដើម្បីបានយល់ច្បាស់ និងដឹងថា តើកូនរបស់ខ្លួនមានពាក់ព័ន្ធនឹងគ្រឿងញៀន ឬក៏អត់ទេ»

លោកបានបន្ថែមថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានបោះពុម្ពជាសៀវភៅណែនាំផ្សេងៗចែកជូនតាមបណ្ដាផ្សារនានា ដើម្បីឲ្យអាណាព្យាបាល និងមាតាបិតាសិក្សាស្វែងយល់ អំពីអាការៈផ្សេៗដែលកត់សំគាល់ថា កូនមានសេពគ្រឿងញៀនឬទេ?។ ក្រៅអំពីនេះអ្នកទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្ម ក្នុងការនិយាយថាទេ ចំពោះគ្រឿងញៀន ប្រសិនបើអ្នកទាំងអស់គ្នា មិនប្រើប្រាស់គ្រឿងញៀន នោះនឹងមិនមានអ្នកចែកចាយគ្រឿងញៀនឡើយ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ចំពោះអ្នកចែកចាយគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ព្រោះថា ផលប្រយោជន៍ដែលកើតចេញពីសកម្មភាពឧក្រិដ្ឋទាក់ទងនឹង ការជួញដូរគ្រឿងញៀននេះ នៅពេលបង្ក្រាប់បានសមត្ថកិច្ចចាប់យកទាំងអស់។

លោកថា បច្ចុប្បន្ននេះសមត្ថកិច្ចក៏បានលក់ឡៃឡុងទ្រព្យសម្បត្តិ របស់ក្រុមឧក្រឹដ្ឋជនជាច្រើន ដែលជាកម្មវត្ថុនៃការរឹបអូស ហើយត្រូវបានរឹបអូសយកមកធ្វើជាមូលនិធិរបស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងប្រើប្រាស់មូលនិធិនេះ កសាងមជ្ឈមណ្ឌលផ្ដល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ និងផ្ដល់ជាថវិកាសម្រាប់ជារង្វាន់លើកទឹកចិត្ត ដល់មន្រ្ដីអនុវត្តច្បាប់ ក្នុងការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕