(ភ្នំពេញ)៖ គុណសង្គ្រោះជីវិត គឺជាគុណបំណាច់មួយដ៏ធំ។ ខ្មែរយើងតែងនិយាយថា ជួយសង្គ្រោះជីវិតមនុស្ស បានបុណ្យជាងកសាងវត្តទៅទៀត រីឯចិនវិញនិយាយថា ជួយជីវិតមនុស្សបុណ្យច្រើនជាងសាងប្រាសាទ៧ជាន់។

បុរសជនជាតិចិនមកពីទីក្រុងវូហាន លោក ចា ជិនហូរ និងក្រុមគ្រូសារ រួមមានភរិយា កូនស្រី និងកូនប្រសារ បានចាកចេញពីប្រទេសកម្ពុជាវិញហើយនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីរូបលោកបានស្នាក់នៅ និងព្យាបាលជំងឺផ្លូងដង្ហើបង្កដោយមេរោគ «កូរ៉ូណា» នៅក្នុងប្រទេសកម្ពុជារហូតដល់ជារយៈពេលជាងកន្លះខែ។

គុណសង្គ្រោះជីវិត គឺជាគុណបំណាច់ដ៏ធំបំផុតសម្រាប់មនុស្សគ្រប់ដែលធ្វើឱ្យគេមិនអាចបំភ្លេចបាននោះឡើយ។ សម្រាប់លោក ចា ជិនហូរ ការជួយសង្គ្រោះជីវិត ការរំដោះជីវិតចេញទ្វារមច្ចុរាជ និងការមិនរើសអើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ គឺជាគុណបំណាច់មិនអាចបំភ្លេចបានឡើយនៅក្នុងជីវិតរបស់លោក ក៏ដូចជាគ្រួសាររបស់លោកផងដែរ។

ពេលរៀបចំចាកចេញពីកម្ពុជា លោក ចា ជិនហូរ និងក្រុមគ្រួសារ នៅតែមិនភ្លេចជាមួយការលើកដៃប្រណមជំរាបលា និងថ្លែងអំណរគុណសមានចិត្តដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ ប្រឹងប្រែងព្យាបាលរូបគាត់រហូតដល់ជា ហើយមិនបានរើសអើងចំពោះគាត់ ទោះបីដឹងថា កំពុងមានជំងឺមួយដែលគេខ្លាចរអា។

បើទោះបីមិនអាចហារស្តីជាភាសាខ្មែរ និងនិយាយរៀបរាប់ឱ្យអស់ពីទំហំចិត្តនូវការដឹងគុណចំពោះប្រជាពលរដ្ឋខ្មែរ តែតាមរយៈកាយវិការ ទឹកមុខមុនចាកចេញទៅរបស់ លោក ចា ជិនហូរ និងក្រុមគ្រួសារ បានបង្ហាញ និងពណ៌នាឱ្យឃើញថា ពួកគាត់ពិតជាអរគុណយ៉ាងធំធេងរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ចំពោះគុណសង្គ្រោះជីវិតរបស់គាត់ពីសំណាក់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងសមានចិត្តមិនរើសអើងរបស់ប្រជាពលរដ្ឋកម្ពុជា។

អនុស្សាវរីយ៍ក្នុងគ្រាលំបាកនេះ ប្រាកដជាចារជាប់ក្រអៅបេះដូងរបស់លោក ចា ជិនហូរ និងក្រុមគ្រួសារ ហើយពួកគាត់នឹងត្រឡប់មកកាន់ទឹកដីដ៏មានគុណមួយនេះជាថ្មីវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។

ក្នុងនាមជាពលរដ្ឋខ្មែរ និងជាស្មេរសម្រាប់អត្ថបទនេះ ខ្ញុំសូមជូនពរឱ្យការវិលត្រឡប់របស់លោក ចា ជិនហូរ ប្រកបដោយភាពសុខសប្បាយ និងចៀសឆ្ងាយពីជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» ដែលកំពុងវាយលុកទីក្រុងរបស់លោក។ សូមឱ្យរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងប្រជាជនរបស់លោក វាយប្រយុទ្ធជាមួយជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» ប្រកបដោយជោគជ័យ៕

ពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំការវិលត្រឡប់របស់លោក និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋក្នុងទីក្រុងរបស់លោកជាថ្មីដោយក្តីរីករាយ ដោយស្នាមញញឹម នៅពេលជំងឺផ្លូវដង្ហើបង្កដោយមេរោគ «កូរ៉ូណា» ត្រូវបានកម្ចាត់ឱ្យខ្ចាត់ខ្ចាយទៅ៕

ដោយ៖ វ៉ាន់ សារាយ