(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចពុំទទួលដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ៧៧គ្រួសារ នៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុងនោះឡើយ ព្រោះប្រជាពលរដ្ឋទាំងនោះ ធ្លាប់ទទួលបានការដោះស្រាយរួចហើយ ពីគណៈកម្មការអន្តរក្រសួង។

ការប្រកាសជំហរបែបនេះ របស់ក្រសួងរៀបចំដែនដី ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ៧៧គ្រួសារ បានឡើងមកតវ៉ានៅទីស្តីការក្រសួង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយស្នើឲ្យក្រសួងជួយដោះស្រាយដីធ្លី ក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd ដោយស្នើសុំដីស្រែបន្ថែមចំនួន១ហិកតា ក្នុង១គ្រួសារ។

ក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា ប្រជាពលរដ្ឋខាងលើ បានទទួលការដោះស្រាយរួចរាល់ហើយ ពីគណៈកម្មការអន្តរក្រសួង ដោយក្នុង១គ្រួសារទទួលបាននូវ៖

១៖ ដីលំនៅដ្ឋានទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រ
២៖ ដីចម្ការទំហំចាប់ពី១ហិកតាដល់៦ហិកតា ទៅតាមទំហំដីធំ ឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់
៣៖ ផ្ទះឈើមួយខ្នង
៤៖ ថវិកាពី៣៥០ដុល្លារ ដល់ ១ម៉ឺនដុល្លារ ទៅតាមទំហំដីធំឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់៕