(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំក្រើនរំឮក ដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ឱ្យស្របតាមគន្លងប្រពៃណីដ៏ស្រស់ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ ចូលរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។

បើតាមសេចក្តីអំពាវនាវ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្ងៃទី១៤ ខែកុម្ភៈ បានឱ្យដឹងថា មនុស្សមួយចំនួន ជាពិសេសគ្រឹស្តសាសនិកជន បានកំណត់ថាថា ទិវានៃក្តីស្រឡាញ់។ បច្ចុប្បន្ននេះ ទិវានៃក្តីស្រឡាញ់ បាននឹងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជនបណ្តាលឱ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ដោយភ័ន្តច្រឡំ នាំឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។

ក្នុងបរិការណ៍នេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ត្រូវបានសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ចំពោះវប្បធម៌ ប្រពៃណី ដែលជាមតរកដ៏ថ្លៃថ្លា របស់ដូនតាខ្មែរ ព្រមទាំងត្រូវបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងបរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ី។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងដែរថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ ប្រកបដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះស ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុក ម្តាយ ប្តី ប្រពន្ធ កូន ចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នាដូចជា៖ ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពការជួបជុំ ពិភាក្សាគ្នា ឬទទួលទានអាហារួមគ្នា ដោយសេចក្តីសោមន្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ៕

ខាងក្រោមនេះ ជាការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖