(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រទេសបារាំង នៅតែបន្តចាប់ដៃគ្នា និងបង្ហាញជំហររួមគ្នា ធ្វើកិច្ចការស្មុំកូនអន្តរប្រទេសជាមួយគ្នាដដែល ក្នុងគោលដៅមនុស្សធម៌ ទប់ស្កាត់អំពើជួញដូរមនុស្ស និងដើម្បីស្វែងរកគ្រួសារល្អឲ្យកុមារកំព្រា។

គោលជំហររបស់ភាគីទាំង២ខាងលើ បានធ្វើឡើងខណៈដែលលោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ និងជាតំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានទទួលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយប្រតិភូបារាំង ដឹកនាំដោយ លោក Denis Babet ឯកអគ្គរដ្ឋទទួលបន្ទុកកិច្ចការស្មុំកូន អន្តរប្រទេសបារាំង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ លោក នឹម ថូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អនុវត្តគោលនយោបាយការពារសិទ្ធិកុមារ ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ ដែលបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

លោក នឹម ថូត បានបន្ថែមឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារស្មុំកូនអន្តរប្រទេស ជាគោលនយោបាយមួយ ក្នុងគោលដៅមនុស្សធម៌ ផ្សារភ្ជាប់ទៅនឹងការគោរព អនុវត្តសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ទប់ស្កាត់អំពើជួញដូរមនុស្ស តាមរយៈការស្មុំកូនអន្តរប្រទេស និងស្វែងរកគ្រួសារល្អឲ្យកុមារកំព្រា ដែលមិនអាចទុកដាក់ជាកូនចិញ្ចឹម នៅក្នុងប្រទេសបាន។

បន្ថែមពីលើនេះ លោក Denis Babet ឯកអគ្គរដ្ឋទទួលបន្ទុកកិច្ចការស្មុំកូនអន្តរប្រទេសបារាំង បានលើកឡើងថា ប្រទេសបារាំងនៅតែបន្ត សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចការស្មុំកូនអន្តរប្រទេសដដែល ដើម្បីជួយដល់កុមារកំព្រានៅកម្ពុជា ឲ្យពួកគាត់មានជីវិតរស់នៅប្រសើរជាងមុន។

លោក Denis Babet បានបន្តថា ការសហការជាមួយកម្ពុជា នាពេលនេះ គ្មានគោលបំណងអ្វីផ្សេងក្រៅតែពីការជួយក្នុងគោលដៅមនុស្សធម៌ និងដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សឡើយ។

ក្នុងជំនួបនាថ្ងៃនេះ ទាំងភាគីកម្ពុជា និងភាគីបារាំង បានសម្តែងការរាក់ទាក់គ្នា និងភាពស្និទស្នាលគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជាមិត្ត និងជាដៃគូដ៏ល្អ ក្នុងការបម្រើលើការងារស្មុំកូនអន្តរប្រទេសនៅកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាការស្មុំកូនអន្តរប្រទេស បានអនុវត្តចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់ខែមេសាឆ្នាំ២០១១។ ប្រទេសដែលមានកិច្ចសហការជាមួយកម្ពុជា រួមមាន ប្រទេសបារាំង អាមេរិក ប៊ែលហ្សិក កាណាដា អ៊ីតាលី អង់គ្លេស សាន់សូស៊ីយ៉ា ប៉ូឡូញ ស៊ីសែល ម៉ាល់តា ហ្វាំងឡង់ អេស្ប៉ាញ ក្រិក អាហ្រ្វិកខាងត្បូងជាដើម៕