(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ពីស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ដោយសារការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត។

វត្ថុធាតុដើមបម្រើដល់វិស័យ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ៦០ភាគរយ ត្រូវបាននាំចូលមកពីប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ GMAC។

GMAC បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជា នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ព្រោះតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិនបានផ្អាក ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។

GMAC បានបញ្ជាក់ថា បញ្ហាវីរុសកូរ៉ូណា ដែលបានរីករាលដាលនៅក្នុងប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការជាបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែកុម្ភៈនេះ ទើបអាចចាប់ផ្តើម ដំណើរការឡើងវិញ ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជា។

GMAC បានបញ្ជាក់ទៀតថា «សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ និងក្នុងខែមីនាខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាក ប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ១ខែពេញ ឬដល់២ខែ»

GMAC បានឲ្យដឹងទៀតថា ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លី ដែលអាចរំពឹងទុកថានឹងកើតឡើងក្នុងបេលដ៏ខ្លះខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់អឺរ៉ុបមកលើប្រទេសកម្ពុជាទេ។

ចំពោះនីតិវិធីនៃការផ្អាកបណ្តោះអាសន្ន គ្រប់រោងចក្រទាំងនោះនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដោយមានការចរចាពិភាក្សា និងព្រមព្រៀងគ្នារវាងកម្មករនិយោជិត និងថ្នាក់គ្រប់គ្រងរោងចក្រ ក្រោមការត្រួតពិនិត្យ និងការអនុញ្ញាតពីអធិការការងារ៕