(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

តាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ, ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។

ក្រសួង បានគូសបញ្ជាក់ទៀតថា យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការ អនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ សូមធ្វើការណែនាំ ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រត្រី ក្នុងថ្ងៃ១៤ កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចតទៅ៖

១៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវា នៃក្ដីស្រឡាញ់។

២៖ ត្រូវពង្រឹងការអនុវត្តវិន័យ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣៖ ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ដ»។

៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងអប់រំ៖