(ឧត្តរមានជយ័)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកសុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកត្រពាំងប្រាសាទ និងរដ្ឋបាលស្រុកអន្លង់វែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុកជាច្រើនរូបទៀត។

លោកប៉ែន កុសល្យ បានថ្លែងថា៖ ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនាឱកាសនេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រពន្ធ័គ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាចនិងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានថ្លែងទៀតថា៖ ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនាពេលនេះ មានអត្ថនយ័យ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតគឺ៖ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលមានលក្ខណះពេញលេញ ដើម្បីបង្កើតជំរុញនិងធ្វើឱ្យមានចីរភាព តាមការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងគោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ។

ដើម្បីធានាឱ្យដំណើរការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក ដោយរលូនចាប់ពីពេលនេះតទៅ លោកប៉ែន កុសល្យ បានធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួន ដែលត្រូវយកចិត្តអនុវត្តរួមមាន៖
១៖ ការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនិតិវិធីរដ្ឋបាលនិងនិតិវិធីហិរញ្ញវត្ថុ ការចរចារលិខិតស្នាមនិងការរៀបចំទីកន្លែងបំពេញការងារ។
២៖ ការគ្រប់គ្រងបុគ្គលិក
៣៖ ការគ្រប់គ្រងកិច្ចការ ឯកសារនិងទ្រព្យសម្បត្តិ។
៤៖ ការផ្តល់សេវាតាមការិយាលយ័ច្រកចេញចូលតែមួយ។
៥៖ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់
៦៖ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម
៧៖ អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។

លោកអភិបាលខេត្ត ប៉ែន កុសល្យ បានថ្លែងទៀតថា៖ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណះអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឋន៍មូលដ្ឋាន ឆ្លើយតបចំបោះតម្រូវការរវស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕