(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកព្រែកប្រសព្វចំនួន ១៣ អង្គភាពការិយាល័យជុំវិញស្រុក ដែលមានមន្រ្តីចំនួន ៣៩រូប នៅសាលាស្រុកព្រែកប្រសព្វ ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមតម្រូវការជាក់ស្តែង។

លោក វ៉ា ថន បានលើកឡើងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌនេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានា ដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

លោក វ៉ា ថន បានបន្តថា ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញការងារ របស់មន្រ្តីរាជការសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវ រវាងរដ្ឋបាលសាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ។

លោកអភិបាលខេត្តបន្តទៀតថា ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ ឱ្យអនុវត្តនូវ «កម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ» រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះ អស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗ គួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍រួមមាន៖

* ទី១៖ ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
* ទី២៖ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
* ទី៣៖ ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
* ទី៤៖ ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ
* និង៥៖ ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយនៅក្នុងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន២០៣ ដែលមានចំនួនមន្រ្តីសរុប ១៩,៦១២នាក់ ក្នុងនោះមន្រ្តីរាជការ ក្របខ័ណ្ឌចំនួន ១៦,០៨៨នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៣,៥២៤នាក់៕