(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for SMEs of Cambodia) ហៅកាត់ថា FASMEC បានថ្លែងថា ការជួយជំរុញ និងគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា នឹងចូលរួមក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ កម្មន្តសាលរបស់សហគ្រាសធុនតូច និងមធ្យម បោះជំហានទៅមុខស្របទៅតាមការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលដើរទៅដល់ឧស្សាហកម្ម៤.០។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់រវាង FASMEC និងក្រុមហ៊ុន Metfone នៅការិយាល័យ FASMEC ដើម្បីផ្តល់កញ្ចប់សេវាកម្មពិសេស គាំទ្រផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យា សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា សព្វថ្ងៃនេះមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង ៥៣ម៉ឺនសហគ្រាសកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយឆ្អឹងខ្នង សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ពឹងផ្អែកយ៉ាងខ្លាំងលើពួកគេទាំងនោះហើយ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមទាំងនោះកំពុងតែជួបប្រទះបញ្ហាជាច្រើន ដូចជាបញ្ហាទីផ្សារ បញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហា សហគ្រិនភាពផងដែរ ដែលជាចំណុចទន់ខ្សោយរបស់ពួកគាត់។

កន្លងមកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជា ក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាស ធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត ដែលយើងត្រូវការដៃគូសហការដើម្បីជំរុញក៏ដូចជារកដំណោះស្រាយបន្ថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ អ្វីដែលជាទីចាប់ អារម្មណ៍ជាងគេនោះគឺ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាភាគច្រើនចំណេះដឹងផ្នែកពត៌មានវិទ្យា និងបច្ចេកវិទ្យានៅមានកម្រិត ដែលនេះជាកត្តាចម្បងមួយធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ ដើរមិនទាន់សម័យកាល និងការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ទៀតថា តាមរយៈការចុះហត្ថលេខារវាង FASMEC ជាមួយក្រុមហ៊ុន Metfone នឹងជួយជំរុញគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ស្របទៅតាមការវិវត្តន៍របស់ពិភពលោកបច្ចុប្បន្ន ដែលដើរទៅដល់ឧស្សាហកម្ម៤.០។ ការចុះហត្ថលេខានេះ តទៅ FASMEC និងមានកម្លាំងចលករបន្ថែមថ្មីមួយទៀត ដើម្បីធ្វើការងារក្នុងវិស័យឯកជន កសាកសមិទ្ធិផល ជូនជាតិ តាមរយៈការសហការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមានការ ប្រកួតប្រជែងជាអន្តរជាតិ។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានឱ្យដឹងដែរថា វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនមិត្តហ្វូនបានរួមបញ្ចូលជាមួយ SME ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវានឹងជួយសង្គមធុរកិច្ចទាំងអស់មានការអភិវឌ្ឍនិងរីកចម្រើន។

ក្រុមហ៊ុនមិត្តហ្វូន បានសន្យានឹងផ្តល់នូវសេវាកម្ម នឹងអត្ថប្រយោជន៍ឥតគិតថ្លៃជូនគ្រប់សមាជិក FASMECជាច្រើនរួមមាន៖ ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្ម eConnect ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្មអ៊ីនធឺណែត ការផ្តល់ជូន SIM ដោយមិនគិតថ្លៃ ទទួលបានការ FREE រយៈពេល ៣ខែ នៅពេល SME ប្រើប្រាស់សេវា បើកប្រាក់ខែ របស់អ៊ីម៉ាន់នី និង FREE រយៈពេល៦ខែ សំរាប់សេវាទូទាត់ ជាមួយអ៊ីម៉ាន់នី -ល-។

សូមបញ្ជាក់ថា FASMEC គឺជាសមូហភាពនៃសមាគមសម្រាប់វិស័យផ្សេងៗនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង៦០ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ និងបានទទួលការចុះឈ្មោះនៅក្រសួងមហាផ្ទៃនៅចុងឆ្នាំ២០១០ ហើយបានចុះបញ្ជីជាសមាគមអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម។ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១១ SME ផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចសម្របខ្លួនទៅនឹងបរិយាកាសធុរកិច្ចផលិតផល និងភាពប្រកួតប្រជែងជាសកល៕