បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខំមើលថែ និងព្យាបាលរហូតជាសះស្បើយទាំងស្រុង (Video inside)
10-02-2020 14:14
(ព្រះសីហនុ)៖ បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យបាលគាត់ យ៉ាងយកចិត្ដទុកដាក់ រហូតជាសះស្បើយទាំងស្រុង និងបានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។
ការថ្លែងអំណរគុណរបស់បុរសជនជាតិចិនរូបនេះ បានធ្វើឡើងនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងក្រុមគ្រូពេទ្យ នៅពេលដែលរូបលោកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីការធ្វើតេស្ដលើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា។
គូសបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
បន្ទាប់ពីមកដល់ រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សម្រាប់ក្រុមគ្រួសាររបស់បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញជួបជុំគ្រួសារ ក្រោយពីពួកគេត្រូវបានតាមដាន និងរកឃើញថា ពុំមានរោគសញ្ញាវីរុសកូរ៉ូណា រហូតមកដល់ថ្ងៃនេះ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បុរសជនជាតិចិនរូបនេះ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ៕