(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់មន្ត្រីរាជការនៅទូទាំងខេត្ត ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ការក្រើនរំលឹកបែបនេះរបស់លោក ម៉ែន វិបុល បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោកប្រធានមន្ទីរនានាជុំវិញខេត្តយ៉ាងច្រើនផងដែរ។

លោក ម៉ែន វិបុល បានឱ្យដឹងថា ប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយចាប់ផ្តើមអនុវត្ត នៅថ្នាក់ឃុំ-សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០០២។ ផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមាន ដែលសម្រេចបាន នៅថ្នាក់ឃុំ-សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រីកដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំ ក្របខណ្ឌច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិ ដែលបានកំណត់រៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៩មក។

លោកបានបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗត្រូវពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោត និងគោលការអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ម៉ែន វិបុល បានបញ្ជាក់ថា ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធ និងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ៕