(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការក្រោមឱវាទ ត្រូវចុះត្រួតពិនិត្យចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ទៅបំពេញនៅកន្លែងដែលខ្វះកម្លាំងពលកម្ម។

ការដាក់អនុសាសន៍នេះ ត្រូវបានធ្វើឡើងនាក្នុងឱកាសលោករដ្ឋមន្ត្រី អ៉ិត សំហេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក អ៉ិត សំហេង លើកឡើងថា អ្វីដែលជាបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស សង្គ្រាមពាណិជ្ជកម្មផ្សេងៗ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដែលជាទឡ្ហីករទាមទារឲ្យមន្ត្រីបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ។

លោករដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានការងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើលការទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅតាមរោងចក្រនីមួយៗ និងការទូទាត់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត។

លោកបានណែនាំដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ត្រូវពង្រឹងការគ្រប់គ្រង តាមដានករណីថៅកែ រត់ចោលរោងចក្រ មិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយត្រូវតែគ្រប់គ្រងឱ្យបាន។

ចំណែកខាងវិទ្យាស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថាតើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មាននាក់បន្តបន្ទាប់ទៀត។

ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរន្តទីផ្សារការងាររក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ។

លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនភាពជូនជាតិមាតុភូមិ និងបានផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត៕