(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) គឺជាអ្នកនយោបាយឡាវម្នាក់ ដែលកំពុងកាន់តំណែងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹម បក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ (ប្រធានាធិបតី) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក វរជីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។

* ជីវិតមុនប្រឡូកចូលនយោបាយ

លោក វរជីត កើតនៅខែសីហា ឆ្នាំ១៩៣៧។ លោកបានចូលរួមក្នុងចលនាតស៊ូ Pathet Lao ក្នុងឆ្នាំ១៩៥១ ដោយបម្រើការនៅផ្នែកឃោសនាការនៃកងកម្លាំងប្រដាប់ អាវុធ ក្នុងទីក្រុង Savannakhet។ នៅឆ្នាំ១៩៥៦ លោកត្រូវបានគេផ្ទេរតួនាទីឱ្យទៅក្នុងជួរកងទ័ព។ លោក វរជីត បានបន្តការសិក្សានៅក្នុងប្រទេសវៀតណាម ពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦១ ហើយបានត្រឡប់មកកាន់ប្រទេសឡាវវិញ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាវាយយកខេត្ត Luang Namtha។ បន្ទាប់ពីទទួលជោគជ័យ ក្នុងខេត្ត Luang Namtha នៅឆ្នាំ១៩៦២ លោកបានត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ជាទីដែលលោកបន្តការសិក្សាផ្នែកយោធា។

នៅឆ្នាំ១៩៦៤ លោក វរជីត បានត្រឡប់មកប្រទេសឡាវវិញជាថ្មី ហើយនៅក្នុងឆ្នាំ១៩៦៩ លោកបានក្លាយជាប្រធានគណៈកម្មាធិការនៃខេត្ត Xieng Khuang។ តមកទៀត នៅឆ្នាំ១៩៧២ លោកបានកាន់តំណែងជាមេបញ្ជាការរងរណសិរ្សភាគខាងជើង ប្រចាំខេត្ត Luang Prabang និងរហូតដល់ឆ្នាំ១៩៦៧ ទើបលោកក្លាយជា ប្រមុខនយោបាយនៃកងកម្លាំងប្រដាប់អាវុធ ព្រមទាំងកាន់តំណែងជាអភិបាលខេត្ត Savannakhet រហូតដល់ឆ្នាំ១៩៩៦ ជាពេលដែលលោកត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី។

* ជីវិតនយោបាយ

លោក ប៊ុនញ៉ាំង វរជីត ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ហើយក្លាយជា អនុប្រធានាធិបតីឡាវ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦។ នៅក្នុងសមាជលើកទី១០ នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ លោក វរជីត ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យ កាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ (ប្រធានាធិបតី) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជំនួសលោក Choummaly Sayasone នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦៕