(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឱ្យសហរដ្ឋអាមេរិក បន្តគាំទ្រដំណើរ ដល់ការកម្មវិធីព្យាបាល និងស្ថារនីតិសម្បទារ អ្នកញៀនគ្រឿងញៀន ជាពិសេសការជួយបណ្តុះបណ្តាល គ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត និងភាពគ្រឿងញៀននៅកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់លោកឧត្តមសេនីយ៍ទោ សួន ឃឿន អនុប្រធាននាយករដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការស្នើសុំបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានមិត្តភាពកម្ពុជា-ចិន។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានស្នើសហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់កម្ពុជា លើគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់កម្ពុជា, បន្តគាំទ្រលើគ្រប់យន្តការត្រួតពិនិត្យគ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ តំបន់ អនុតំបន់ ជាមួយប្រទេសជិតខាង ជាពិសេសយន្តការដែលកម្ពុជា មានស្រាប់ និងស្នើឱ្យអាមេរិក ពិនិត្យឡើងវិញក្នុងការគាំទ្រនូវកាតផ្តល់ផ្នែកសម្ភារ សម្រាប់មន្ទីរពិសោធន៍គ្រឿងញៀន ដែលកន្លងមកមន្ទីរពិសោធន៍គ្រឿងញៀន និងសម្ភារមួយចំនួន ដែលសហរដ្ឋអាមេរិក បានធ្លាប់ជួយគាំទ្រនោះ ពុំទាន់បានបញ្ចប់នៅឡើយទេ គឺស្នើឱ្យបន្តគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិ សោធន៍គ្រឿងញៀន របស់អគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ទោ សួន ឃឿន បានឱ្យដឹងថា, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានវាយតម្លៃពីសកម្មការគ្រឿងញៀន ទាំងនៅក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងអន្តរជាតិ មិនមានការថយចុះនោះទេ ជាពិសេសសកម្មភាពជួញដូរ និងចរាចរគ្រឿងញៀននៅតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ព្រមទាំងបញ្ញើប្រៃយណី ដោយសមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវរកឃើញបន្តកើតមានក្នុងបទល្មើសធំៗ ដូច្នេះ បញ្ហាបទល្មើសគ្រឿងញៀន មិនទាន់មានការថយចុះនោះទេ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា តាមរយៈការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលរហូតមកដល់ពេលនេះមានចំនួន ៤លើកមកហើយ។ ក្នុងនោះសម្រេចបានលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន មានការកើនឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែចំណុចនេះក៏ជាការព្រួយបារម្ភផងដែរ ដោយបានបង្ក្រាប និងរឹបអូសបានគ្រឿងញៀនជាច្រើនលើសឆ្នាំមុនៗ ដែលបច្ចុប្បន្ននេះ អាជ្ញាធរបានគ្រប់គ្រងអ្នកញៀនគ្រឿងញៀន បានជាង២ម៉ឺននាក់។

ជាការឆ្លើយតបលោក W. Patrick Murphy បានប្រាប់ទៅឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថាលោកនឹងពាំនាំយកសំណើររបស់កម្ពុជា ដើម្បីរាយការណ៍ជូនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការងារនេះ ទៅតាមស្ថានភាពជាក់ស្តែងផងដែរ៕