(ភ្នំពេញ)៖ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្តារវិស័យអប់រំឡើងវិញក្នុងស្ថានភាពយ៉ាប់យឺនជាទីបំផុត។ បវេសនកាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកឡើងវិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ ពោលត្រឹមតែ៤ខែប៉ុណ្ណោះ ក្រោយការវាយផ្តួលរំលំរបបខ្មែរក្រហម។

ក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាពលើវិស័យអប់រំនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យអប់រំមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៤១ឆ្នាំក្រោយប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម។

បើតាមលោក ឌី ខាំប៉ូលី មកដល់ពេលបច្ចុប្បន្នកម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ក្នុងនោះសាលារដ្ឋមានចំនួន១៣,៣០០សាលា។ ដោយឡែកគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។

លោក ឌី ខាំប៉ូលី បានឱ្យដឹងផងដែរថា សិស្សដែលកំពុងសិក្សាពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សាមានជាង៣លាននាក់ សិស្សជានារីមានជាង៤៩ភាគរយ។ ក្នុងនោះសិស្សកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមានជាង២១ម៉ឺននាក់។

បច្ចុប្បន្នមានបុគ្គលិកអប់រំទាំងអ្នកបង្រៀន និងអ្នកបម្រើការងារលើវិស័យអប់រំមានចំនួនសរុបជាង១២ម៉ឺននាក់ ក្នុងនោះអ្នកបង្រៀនមានជាង៩ម៉ឺននាក់។

លោក ឌី ខាំប៉ូលី បានអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំរាជរដ្ឋាភិបាល បានបង្កើនថវិកាលើវិស័យអប់រំ៣ដង ហើយស្មើនឹងប្រមាណ១៨ភាគរយ នៃថវិកាចំណាយរបស់ជាតិសរុប៕