(ព្រះវិហារ)៖ នៅព្រឹកថ្ងៃ០ទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រីមាស សុភា សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានចូលរួមសន្និបាទបូកសរុបសភាពការណ៍ទូទៅការងារគណបក្សខេត្តឆ្នាំ២០១៩ ទិសដៅភារកិច្ចឆ្នាំ២០២០ និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណកម្មាធិការកណ្តាល លេីកទី៤២ អាណត្តិទី៥។

ពិធីនេះធ្វើឡើង នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកមាស សុភា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាគណបក្សក្នុងខេត្តព្រះវិហារទាំងអស់។

លោកទេសរដ្ឋមន្ត្រីមាស សុភា បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គ្រប់គ្រងបាននូវស្ថិរភាពនយោបាយបានយ៉ាងល្អប្រសើរ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរ ការអភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យជីវភាពគ្រប់បែបយ៉ាងនៅក្នុងសង្គមមានដំណើរការកាន់តែល្អប្រសេីរកែលំអរបាននូវជីវភាពប្រជាជន ទោះបីជាពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្នានអគតិខាងក្រៅមួយចំនួនបញ្ជាពីក្រោយបានព្យាយាមបំផ្លាញយ៉ាងណាក្ដី។

លោកទេសរដ្ឋមន្ត្រីមាស សុភា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជន ដែលបានជួយជ្រោមជ្រែងដេីរតាមគោលនយោបាយបក្ស ហើយជំរុញឱ្យបន្តរួមគ្នាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសតាមគ្រប់រូបភាពចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ អំពីភេរវកម្ម ការជួញដូរមនុស្ស គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់។ល។

រួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស តែមិនបណ្តោយឱ្យខ្សែរយៈចាត់តាំងអង្គការបដិវត្តន៍ពណ៍រស់ឡើងវិញ កំណែទម្រង់រដ្ឋឱ្យបានខ្លាំង ស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កាតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ពិនិត្យ និងដោះស្រាយនូវរាល់សំណេី សំណូមពររបស់ប្រជាពលរដ្ឋ៕