(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់ឃើញថា សព្វថ្ងៃបើនិយាយពីទង្វើបណ្ដាប្រទេសនានា ពិសេសពួកស្បែកស មានជាអាទិ៍៖ សហរដ្ឋអាមេរិក ឬពួកអ៊ឺរ៉ុបមួយចំនួន ក្នុងការចាត់វិធានការណ៍ស្ដីពីទប់ស្កាត់មេរោគកូរ៉ូណាថ្មី 2019-NCoV ដែលកំពុងរាតត្បាតដល់ជីវិតមនុស្ស និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិនផងនោះ គឺពួកស្បែកសទំាងនេះហាក់យកបញ្ហាមេរោគនេះ «មកធ្វើជាលេសស្ថិតក្រោមរូបភាពទប់ស្កាត់ភ័យស្លន់ស្លោ ដោយរុញឲ្យមានការរើសអើងទៅលើពូជសាសន៍ចិន ឬពួកអាស៊ី» ច្រើនជាង។

បានន័យថា «សហរដ្ឋអាមេរិក ឬពួកស្បែកសខ្លះ ហាក់យកបញ្ហាមេរោគកូរ៉ូណាថ្មី ដែលមានប្រភពពីចិន ឬអាស៊ី មកធ្វើជាលេសរុញច្រានឲ្យមានរលករើសអើងពូជសាសន៍ចិន ឬពួកអាស៊ី ក្នុងគោលបំណងបង្អាក់ដំណើររីកលូតលាស់សេដ្ឋកិច្ចចិន ឬអាស៊ី» នេះឯង។

ជាក់ស្ដែងបើតាមសារព័ត៌មាន BBC ចេញផ្សាយនាពេលថ្មីៗនេះដោយដកស្រង់សំដីរដ្ឋមន្រ្ដីពាណិជ្ជកម្មអាមេរិកលោក វាប៊ូល រ៉ូស (Wibur Ross) បានអះអាងប្រកបដោយមោទនភាពថា «បញ្ហាជំងឺរលាតសួតដែលបង្កទ្បើងដោយវីរុសកូរ៉ូណាថ្មី អាចជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចអាមេរិក» ជាភស្ដុតាង។

លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់ទៀតថា បើដូចនេះបើពិនិត្យពីទង្វើស្ដីពីវិធានការណ៍របស់សហរដ្ឋអាមេរិក ឬពួកស្បែកសខ្លះ ដែលមានចរិតនៃការរើសអើងពូជសាសន៍ចិន ឬពួកអាស៊ីនេះ គឺរបៀបចាត់វិធានការណ៍បានសំដៅមកលើអត្ដសញ្ញាណជនជាតិចិន ឬពណ៌សម្បុរច្រើនជាង អំពីលក្ខណៈប្រភេទជំងឺ ដែលយើងពុំធ្លាប់ឃើញប្រវត្ដិនៃការទប់ស្កាត់ប្រភេទជំងឺឆ្លងសាហាវៗកន្លងមក។

ពីព្រោះបើនិយាយពីសាវតារប្រភេទអំបូរជំងឺឆ្លង ដែលបានរាតត្បាតមនុស្សនៅទីក្រុងវ៉ូហាន ប្រទេសចិននេះ ពុំមែនជាលើកទីមួយនោះទេ គឺបានកើតទ្បើងនៅតាមបណ្ដាប្រទេសនានាលើពិភពលោករាប់មិនអស់។ មានដូចជា៖ ជំងឺអេប៉ូទ្បា (Ebola) មានប្រភពពីទ្វីបអាហ្រ្វិកនាឆ្នាំ២០១៤ , ជំងឺស៊ីតកា (ZiKa) មានប្រភពពីទ្វីបអាមេរិកឆ្លងពីម៉ូសប៉ះពាល់ដល់ស្រ្ដីមានផ្ទៃពោះ រហូតស្លាប់មនុស្ស៣១៧៤នាក់នាឆ្នាំ២០១៥, ជំងឺសា (SARS) មានប្រភពពីទីក្រុងហុងកុង ប្រទេសចិន, ជំងឺម៉ាស (MERS) មានប្រភពពីប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។

អ្វីកាន់តែបង្ហាញជាក់ស្ដែងទៀតនោះ សូម្បីប្រព័ន្ធសារព័ត៌មានធំៗរបស់ពួកស្បែកសខ្លះ ក៏បានភ្ជាប់នែការហៅមេរោគនេះថា «មេរោគកូរ៉ូណាចិន ឬមេរោគកូរ៉ូណាវ៉ូហាន ដែលសុទ្ធតែជាទម្រង់នែការរើសអើងពូជសាសន៍»

លោក រត្ន័ សណ្ដាប់ បន្ដថា បើហេតុនេះបើពិនិត្យពីទង្វើរបៀបចាត់វិធានការណ៍ដោយធ្វើជាភ័យស្លន់ស្លោរបស់សហរដ្ឋអាមេរិក ឬពួកស្បែកសខ្លះ ស្ដីពីការទប់ស្កាត់មេរោគកូរ៉ូណាថ្មី ដែលនំាឲ្យមានរលកដល់ការរើសអើងពូជសាសន៍ចិន ឬពួកអាស៊ីនេះ ក៏មិនខុសពីសម័យណាស៊ីសអ៉ីត្លែរ នាសម័យសង្រ្គាមលោកលើកទី២ ទៅលើពូជសាសន៍ជីហ្វ (អ៉ីស្រាអែល) នោះដែរ។

ពីព្រោះចំពោះការរើសអើងរបស់ពួកណាស៊ីសអ៉ីត្លែរ មកលើជនជាតិអ៉ីស្រាអែលនាសម័យនោះ គឺពុំមែនមកពីជំនឿសាសនារបស់ពួកគេនោះទេ តែមកពីជនជាតិជីហ្វ មានតួនាទីសំខាន់ក្នុងវិស័យជំនួញ ឬរបររកស៊ីនេះឯង។ រីឯរលកការរើសអើងមកលើពូជសាសន៍ចិន ឬពួកអាស៊ី ដែលបង្កទ្បើងដោយពួកស្បែកសបច្ចុប្បន្ននេះវិញ ក៏យ៉ាងដូច្នោះដែរ គឺពុំមែនមកពីមេរោគកូរ៉ូណាថ្មីនេះទេ ដែលពួកស្បែកសភ័យស្លន់ស្លោនោះ តែអ្វីដែលភ័យពិតប្រាកដនោះ គឺការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចចិន ក្នុងការដណ្ដើមធ្វើជាម្ចាស់សេដ្ឋកិច្ចលេខ១ លើពិភពលោកនេះទៅវិញទេ។

ជាសរុប លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូចនេះបើនិយាយពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិនថ្មីៗនេះ ដែលគេចាត់ទុកថា សម្ដេចតេជោជាមេដឹកនំាទី១ លើពិភពលោក បន្ទាប់ពីចិនផ្ទុះមេរោគកូរ៉ូណាថ្មីនេះ ដោយពុំមានការភ័យខ្លាចអ្វីទំាងអស់ ស្របពេលពួកស្បែកសខ្លះ កំពុងបំផុសស្ថិតក្រោមរូបភាពភ័យស្លន់ស្លោដោយកុំឲ្យទៅក្បែរចិននោះ ចំពោះដំណើរទស្សនកិច្ចនេះ ក៏ជាការទប់ស្កាត់ ឬលុបបំបាត់នែការរើសអើងទៅលើពូជសាសន៍ចិន ឬពួកអាស៊ីផងដែរ៕