(ភ្នំពេញ)៖ ផលិតផលក្លែងក្លាយ និងអន់គុណភាពប្រមាណ ១០០តោន ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ និងប្រមាណជាង១០តោនទៀត ត្រូវបានរកឃើញនៅខេត្តកំពង់ធំ ហើយកំពុងត្រៀមដុតកម្ទេចចោល, នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)។

ការបញ្ជាក់យ៉ាងដូច្នេះរបស់ នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (សមគមអ្នកលក់ឱសថកម្ពុជា) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផល ឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ក៏ដូចជាការនាំចូលផលិតផលគ្មានការអនុញ្ញាត រំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលផ្ដាច់មុខនៅកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោក មៀច សុផាន់ណា បានឱ្យដឹងថា ផលិតផលក្លែងក្លាយ និងអន់គុណភាពជាង ១០តោន ដែលបានរកឃើញនៅខេត្តកំពង់ធំនោះ បានទទួលដីកាសម្រេចពីតុលាការឱ្យដុចកម្ទេចចោលហើយ ដោយលោកនឹងរួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះទៅដុតចោល នៅអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ។

លោកថ្លែងយ៉ាងដូច្នេះថា «នៅពេលខាងមុខនេះ គណៈកម្មាធិការជាតិ គ.ប.ផ.ក នឹងទៅដុតបំផ្លាញចោលនូវផលិតផលក្លែងក្លាយ និងអន់គុណភាពមួយចំនួន (លោកបញ្ជាក់តាមក្រោយថាមានប្រមាណជាង ១០តោន) ដែលប្រហែលជានៅសប្ដាហ៍ទី៤ យើងនឹងទៅខេត្តកំពង់ធំជាមួយនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានដូចជាទឹកបរិសុទ្ធ EVAIN»

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននៅក្រោយចប់ពិធីខាងលើ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្ថែមថា នៅរាជធានីភ្នំពេញកម្លាំងសមត្ថកិច្ចក៏បានរកឃើញផលិតក្លែងក្លាយ និងអន់គុណភាពប្រមាណ ១០០តោន ទៀតផងដែរ។ ចំពោះកាលបរិច្ឆេទដុតបំផ្លាញនោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ តែលោកបង្ហើបថាអាចនឹងធ្វើឡើងនាអំលុងខែមីនា ឆ្នាំ២០២០ ខាងមុខ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្តថា ក្នុងប្រតិបត្តិការឃាត់បានផលិតផលក្លែងក្លាយ និងអន់គុណភាពខាងលើនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនល្មើសមួយចំនួន និងបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ ហើយតុលាការក៏បានសម្រេចឱ្យបំផ្លាញចោលរួចហើយដែរ៕