(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសវនាការជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោកប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកប្រធានាធិបតីឡាវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កម្ពុជា គឺសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕