(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យនេះថា ក្រសួងសុខាភិបាលសូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយរប់ស Facebook «ព័ត៌មានពិត ពីកម្ពុជា» ដែលបានបង្ហោះព័ត៌មានមិនពិតបំពុលសង្គមពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ហើយករណីនេះគួរតែត្រូវផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា។

ប្រតិកម្មរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពី Facebook «ព័ត៌មានពិត ពីកម្ពុជា» បានផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ថា មានករណីឆ្លងជំងឺកូរ៉ូណាថ្មីបណ្តាលឱ្យស្លាប់ និងឈឺនៅកម្ពុជារាប់រយនាក់ ប៉ុន្តែសារព័ត៌មានកម្ពុជាមិនផ្សាយ។ Facebook បានប្រើប្រាស់រូបភាព លោកស្រី ហេង សុខគង់ ភរិយារបស់អភិបាលខណ្ឌដូនពេញ ដើម្បីបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលលើកឡើងនេះ គឺជាព័ត៌មានមិនពិត កំពុងបំពុលសង្គម ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា។ លោកស្រី វណ្ណឌីន បញ្ជាក់បញ្ជាក់ថា ការបំផុសព័ត៌មានបែបនេះ គួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់កម្ពុជា។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ រួមសាមគ្គីគ្នាក្នុងការអនុវត្តនូវវិធានការការពារការចម្លងវីរុសកូរ៉ូណាថ្មីនេះឱ្យបានគ្រប់ៗគ្នា ហើយមិនត្រូវជឿលើការឃោសនាបោកប្រាស់ផ្សេងៗទៀត ដូចករណីបំពុលសង្គមខាងលើនេះឡើយ។

គិតរហូតដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ។ ចំណែកជនជាតិចិនម្នាក់ ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានជាសះស្បើយហើយ ដោយនឹងចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងរុករកវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសកម្ពុជា ខណៈដែលពិភពលោក នៅតែបន្តមានការរីករាលដាលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕