(ភ្នំពេញ)៖ លោក តាកាណូរិ ណារឺមិ និពន្ធនាយកទស្សនាវដ្ដីពាណិជ្ជកម្មជប៉ុន (CBP) បានថ្លែងថា ការទទួលបានព័ត៌មានពិត អំពីកម្ពុជា ជាផ្នែកមួយជួយជំរុញដល់ដៃគូវិនិយោគិនពីក្រៅប្រទេស មកវិនិយោគនៅទីនេះកាន់តែច្រើន ជាពិសេសស្របពេលដែលកម្ពុជា មានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍របស់កម្ពុជា កាន់តែរីកចម្រើនលើគ្រប់វិស័យ។

ជាក់ស្ដែង តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១០ ក្រុមហ៊ុនជប៉ុននៅកម្ពុជា មានត្រឹមតែ១៩ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុនជប៉ុនប្រមាណជាជាង៧២០ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

ទន្ទឹមនឹងនោះ ចំនួនប្រជាជនជប៉ុនរស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ មានប្រមាណជិត៤,០០០នាក់ និងបន្តកើនឡើងនៅឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់លោក តាកាណូរិ ណារឺមិ ក្នុងឱកាសអរបអរសាទរខួបលើកទី៦ឆ្នាំ របស់ទស្សនាវដ្តីពាណិជ្ជកម្មជប៉ុន CBP (Cambodia Business Partners) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅចុងសប្ដាហ៍នេះ។

លោក តាកាណូរិ ណារឺមិ បានថ្លែងបន្ដថា «ការវិនិយោគរបស់ជប៉ុន នឹងនៅតែបន្តកើនឡើងទៀត ដរាបណាជប៉ុនបានទទួលព័ត៌មានពិត និងទូលំទូលាយ អំពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា»

លោកបញ្ជាក់បន្ថែមថា ដោយសារតែប្រជាជនជប៉ុន មិនសូវចេះភាសាបរទេស ដូច្នេះរយៈពេល៦ឆ្នាំ នៃការបង្កើតទស្សនាវដ្តីពាណិជ្ជកម្មជប៉ុន CBP និងវេបសាយជាភាសាជប៉ុននេះ លោកកត់សម្គាល់ឃើញថា ទស្សនាវដ្តីបានចូលរួមចំណែកផ្សព្វផ្សាយ នូវព័ត៌មានពិតពីកម្ពុជាទៅកាន់ប្រទេសជប៉ុន និងអ្នកវិនិយោគជប៉ុនទូទាំងពិភពលោកឱ្យបានស្គាល់ និងចូលមកបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

លោក តាកាណូរិ ណារឺមិ និពន្ធនាយកទស្សនាវដ្ដីពាណិជ្ជកម្មជប៉ុន CBP បានថ្លែងទៀតថា បើវិនិយោគិនជប៉ុន បន្ដទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ លោកជឿជាក់ថា ជប៉ុន នឹងបន្ដមកបោះទុននៅកម្ពុជាបន្ថែមទៀត ដែលនឹងផ្ដល់ឱកាសការងារ និងដល់អាជីវកម្មទើបនឹងចាប់ផ្ដើម នឹងកាន់តែទទួលបានជោគជ័យ៕