(បន្ទាយមានជ័យ)៖ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ ផ្លូវជាតិលេខ៦៨ ស្ថិតនៅឃុំផុង ខេត្តឧត្តរមានជ័យ ប្រវែង១៧៤គីឡូម៉ែត្រ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានស្ទឹងបត់ និងផ្លូវជាតិលេខ៥៨ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណងសៀងហៃ ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋប្រជាមានិតចិន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥៨នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ហេីយនៅថ្ងៃខាងមុខទៀតនោះ នឹងធ្វេីយ៉ាងណាពង្រឹងគុណភាពផ្លូវជាតិលេខ៥៨នេះ ឱ្យទៅជាផ្លូវកៅស៊ូ AC ដេីម្បីខិតខំធ្វេីយ៉ាងណាឱ្យផ្លូវនៅក្នុងប្រទេសកម្ពុជាយេីង កាន់តែមានប្រសិទ្ធភាពខ្ពស់ឱ្យបានស្របតាមគោលការរបស់សម្តេចតេជោ ហ៊ុន សែន ដោយធ្វេីយ៉ាងណាឱ្យផ្លូវកាន់តែមានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា បេីទោះបីជាធ្វេីផ្លូវចាក់កៅស៊ូ AC កម្រាសណាក៏ដោយ បេីសិនជានៅតែមានឡានដឹកទំនិញលេីសកម្រិតកំណត់នោះ និងធ្វេីឱ្យផ្លូវរបស់យេីង មានការខូចខាតលឿន មុនការកំណត់ហេីយ ដូចនេះហេីយ លោកក៏បានអំពាវនាវទាំងក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងអ្នកដែលមានឡានដឹកទំនិញផ្ទាល់ខ្លួន ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីចូលរួមថែរក្សាសមិទ្ធផលរបស់ជាតិយេីង ត្រូវគិតដល់ប្រយោជន៍រួម កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង១២២លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គីឡូម៉ែត្រលេខ ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រលេខ ១០១+៥០០ ខេត្តឧត្តរមានជ័យ។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥៕