(ភ្នំពេញ)៖ ជនបរទេសម្នាក់ ដែលដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកមិញនោះ ពេលនេះបានដឹងខ្លួនឡើងវិញហើយ ដោយបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះជាថ្មីទៀត ដើម្បីចាកចេញពីកម្ពុជា ហោះទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាម លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

ជនបរទេសនេះ មានឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen) បានដួលសន្លប់នៅព្រលានយន្តហោះវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ហើយអ្នកខ្លះទៀតបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយបំភ្លៃថា ជាអ្នកជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ការដួលសន្លប់នេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅកម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសនេះ ពុំមានឃើញមេរោគកូរ៉ូណាទៀតឡើយ៕