(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ បានដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលឱ្យសាធារណជនជាច្រើនថតទៅបង្ហោះលើបណ្តាញសង្គម Facebook ដោយបំភ្លៃថាជាជំងឺកូរ៉ូណា។

សមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះបានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយាល់រតនៈ បន្ទាប់ពីឃើញដួលសន្លប់។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបានអះអាងថា ក្រោយពេលពិនិត្យកំដៅក្នុងខ្លួន របស់ជនបរទេសរូបនេះគឺឃើញថា មិនមានការឡើងកម្តៅនោះទេ។

លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងភ្លាមៗថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ការដួលសន្លប់នេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។

តាមការឲ្យដឹងពីមន្រ្តីព្រលានយន្តហោះបានឲ្យដឹងថា បុរសដែលដួលសន្លប់នោះ ជនជាតិឥណ្ឌាកាត់អង់គ្លេស។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅកម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសនេះ ពុំមានឃើញមេរោគកូរ៉ូណាទៀតឡើយ៕