(ឧត្តរមានជ័យ)៖ គិតត្រឹមយប់ថ្ងៃទី០៨-កុម្ភៈ ត្រូវនឹងថ្ងៃទី២ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» លើកទី២ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានសម្រុកចូលរួមទស្សនាកម្សាន្ដ ជាមួយការប្រគំតន្ដ្រី ការតាំងពិព័រណ៌ ពិសេសសកម្មភាពប្រកួតកីឡាទំនើប និងបុរាណ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអាជ្ញាធរខេត្តឧត្ដរមានជ័យ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា បើគិតត្រឹមល្ងាចថ្ងៃសៅរ៍ តាមរយៈកម្មវិធីរត់កម្សាន្ដ និងការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ បានទាក់ទាញអ្នកចូលរួម និងអ្នកទស្សនា ទាំងប្រជាពលរដ្ឋ សិស្ស កងកម្លាំងកម្ពុជា និងថៃ ប្រមាណ ៣,០០០នាក់ តែបូកទាំងកាលពីម្សិលមិញ(ថ្ងៃទី០៧-កុម្ភៈ) ក្នុងរយៈពេល ១ថ្ងៃកន្លះ ចំនួនអ្នកចូលរួមកម្សាន្ដក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គឺប្រមាណ ៥,០០០នាក់ ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅយប់ថ្ងៃទី២ នេះ មានប្រជាពលរដ្ឋច្រើនពាន់នាក់ បានសម្រុកចូលរួមកម្មវិធីតាំងពិព័រណ៌ ការប្រគំតន្ដ្រី និងការចូលរួមប្រកួតកីឡាចំបាប់បុរាណមហាជន នៅបឹងតាម៉ុក ដែលសបញ្ជាក់ឲ្យឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋ និងសន្ដិភាពពេញលេញ នៃតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ។ លោកសង្ឃឹមថា នៅថ្ងៃទី០៩ ខែកុម្ភៈស្អែក នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត ។ លោក វ៉ាត់ ចំរើន បន្ថែម ។

គួរដឹងថា ព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង” លើកទី២ គ្រោងរៀបចំ ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ផ្ទុយពីការលើកទី១ ដែលរៀបចំត្រឹម ១ថ្ងៃប៉ុណ្ណោះ ។ ការពង្រីកព្រឹត្ដិការណ៍កាន់តែធំនេះ គឺក្រសួង និងស្ថាប័នពាក់ព័ន្ធ ចង់ផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយនូវតំបន់ប្រវត្តិសាស្ដ្រ-អន្លង់វែង ដែលជាតំបន់ទទួលបានសន្តិភាពពេញលេញចុងក្រោយ បន្ទាប់ពីការធ្វើសមាហរណកម្ម ដោយផ្ដួលរលំរបបខ្មែរក្រហម ក្នុងឆ្នាំ១៩៩៨ និងវិស័យទេសចរណ៍តំបន់នេះ ។

ក្នុងរយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក្រសួងទេសចរណ៍ និង NOCC សហការជាមួយអាជ្ញាធរខេត្ត បានរៀបចំកម្មវិធីប្រកួតកីឡាជាច្រើន ដូចជាកីឡាចំបាប់បុរាណ បាល់ទាត់មិត្តភាពកម្ពុជា-ថៃ រត់កម្សាន្ដលើភ្នំដងរែក ប្រណាំងទូក ប្រណាំងកង់ កីឡារាំអន្ដរជាតិ និងគុនល្បុក្កតោជាដើម ។ លើសពីនេះ ក៏មានការពិព័រណ៌ម្ហូបអាហារកម្ពុជា-ថៃ គួបផ្សំនូវពិព័រណ៍រូបថតចំនួន ១០០ផ្ទាំង រួមទាំងការប្រគំតន្ត្រី ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធមទៀតផង ៕