(ព្រះវិហារ)៖ ទីតាំងបើកល្បែងបញ្ជល់មាន់មួយកន្លែង ក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយរឹបអូសបានវត្ថុតាងមួយចំនួន ខណៈក្រុមអ្នកលេងល្បែងបានរត់ចែកជើងគ្នា។

លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលបន្ទុកព្រហ្មទណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់នេះ ដឹកនាំដោយលោក ទី សុរិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោកបន្តទៀតថា ជាលទ្ធផល កម្លាំងបានរឹបអូសវត្ថុតាងរួមមាន៖ រថយន្ត ១២គ្រឿង, ម៉ូតូ ១៣គ្រឿង, មាន់ជល់៣០ក្បាល, ជញ្ជីងថ្លឹងមាន់២ និងសម្ភារមួយចំនួនទៀត។

ដោយឡែក វត្ថុតាងទាំងអស់នេះ ត្រូវបាននាំមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្ត និងកសាងសំណុំរឿងតាមនីតិវិធី៕